Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អធិការរងស្រុកក្រគរ លោកចាន់ ឃៀង ពង្រីកវិសាល ភាពស្របច្បាប់ទូទាំងខេត្តពោធិ៍សាត់ រួមទាំងបឹងទន្លេសាបផង

ខេត្តពោធិ៍សាត់÷ បន្ទាប់ពីភាពមិនប្រក្រតីជាច្រើនរបស់លោកចាន់ ឃៀង អធិការរងនគរបាលស្រុកក្រគរ ត្រូវបានទម្លាយចេញជា បន្តបន្ទាប់នោះ ពេលនេះស្នងការនគរបាលពោធិ៍សាត់បានផ្ដល់ភាពទុកចិត្តជូនលោកចាន់ ឃៀង(ង៉ោ ម៉ៅ) កាន់តែខ្លាំងថែមទៀត។ តាមសេចក្តីរាយការណ៍ឲ្យដឹងថា លោកស្នងការនគរបាលខេត្តពោធិ៍សាត់បានចេញលិខិតបេសកកម្មកាលពីថ្ងៃទី ៧ខែតុលា ឆ្នាំ ២០២៤ ជូនលោកចាន់ ឃៀង អធិការរងស្រុកក្រគរឲ្យចុះបង្ក្រាបបទល្មើសទូទាំងខេត្តពោធិ៍សាត់ រួមមានបណ្ដាផ្លូវជាតិនិងនៅតំបន់បឹងទន្លេសាបនោះផង។

នេះគឺជាការហុចដាវថ្មីមួយទៀត របស់លោកស្នងការនគរបាលខេត្ត ទៅឲ្យលោកចាន់ ឃៀង ឈ្មោះដើម ង៉ោ ម៉ៅ ឲ្យដើរប្រព្រឹត្តអំពើមិនគប្បីទូទាំងខេត្តពោធិ៍សាត់ដើម្បីផលប្រយោជន៍។ ប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាប ក៏ដូចជាអ្នករកស៊ីដឹកទំនិញតាមផ្លូវជាតិ សុទ្ធតែដឹងអំពីល្បិចរបស់លោកង៉ោ ម៉ៅ ក្នុងការគាបសង្កត់យកប្រាក់រកស៊ីដឹកទំនិញលើផ្លូវជាតិលេខ៤។ សូម្បីតែអ្នកដឹកលៀស ចេញពីតំបន់បឹងទន្លេសាបក្នុងស្រុកក្រគរ ក៏ត្រូវបង់ឲ្យលោកងោ៉ ម៉ៅ(ចាន់ឃៀង) រាប់លានរៀលក្នុង១ជើងៗ។ ប្រភពខ្សឹបថា ពួកឈ្មួញរកស៊ីដឹកលៀស ដ៏ល្បីល្បាញតាម៉ុងនិងភរិយាបានផ្ដល់លុយទៅឲ្យលោកង៉ោ ម៉ៅ តាមរយៈជនទី៣ ដើម្បីលោកចាន់ឃៀង គេចពីការទទួលខុសត្រូវ។

ប្រភពបានឲ្យដឹងថា បើទោះបីជាប្រាក់នោះត្រូវផ្តល់ទៅឲ្យលោកចាន់ ឃៀង ក៏ដោយ ក៏លោកអធិការរង មិនទទួលដោយផ្ទាល់នោះទេ។ ទាំងការវេរលុយតាមវីង ក៏ ដោយ។ លេខទូរសព្ទរបស់លោកង៉ោ ម៉ៅ មិនត្រូវបានអនុញ្ញាតឲ្យឈ្មួញវេរលុយឱ្យដោយផ្ទាល់នោះឡើយ។ ឈ្មួញរកស៊ីដឹកលៀសចេញពីតំបន់ កំពង់លួងស្រុកក្រគរត្រូវបង់លុយឲ្យលោកង៉ៅ ម៉ៅ តាមរយៈជនទី ៣ ផ្សេងទៀត។ ក្រៅពីបញ្ហាដែលកើតមាននៅមាត់កំពុងនៃតំបន់កំពង់លួងស្រុកក្រគរនោះ ក៏នៅមានបញ្ហាលើផ្លូវ ជាតិលេខ៥ ក៏ដូចជាទូទាំងខេត្តពោធិ៍សាត់ ដែលល្បី ល្បាញជាយូរណាស់មកហើយ។ យ៉ាងណាក៏ដោយរដ្ឋបាលខេត្តពោធិ៍សាត់ ហាក់ដូចជាផ្ដល់ភាពទុកចិត្តចំពោះបុគ្គលង៉ោ ម៉ៅ ឬចាន់ឃៀងនេះយ៉ាងខ្លាំង។

ពាក់ព័ន្ធទៅនឹងការឆ្មក់ដាក់កុងត្រូល ដើម្បីចាំប្រដេញបទល្មើសនោះត្រូវគេអះអាងថា នៅតែបន្តកើតមានជាដដែលនៅក្នុងសង្កាត់លលក.ស ក្រុងពោធិ៍សាត់។ រីឯទីតាំងនៅស្រុកក្រគរ មិនឃើញមាននៅប្រចាំការជា អចិន្ត្រៃយ៍ដូចមុនទៀតទេ។ ប្រភពរាយការណ៍ថាលោកង៉ោ ម៉ៅ មិនត្រឹមតែប្រើមន្ត្រីនគរបាលឲ្យចាំតាមប្រដេញរថយន្តសង្ស័យដឹកបទល្មើសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើកូនប្រុសរបស់ខ្លួនបើកបររថយន្ត rx 300 តាមប្រដេញរថយន្តសង្ស័យដឹកបទល្មើសនោះទៀតផង។ ករណីខាងលើតែងតែកើតមានជារឿយៗ បញ្ហាចម្រូងចម្រាស់នៅលើដងផ្លូវក៏ធ្លាប់កើតមានជាញឹកញាប់ណាស់ដែរ។ ប៉ុន្តែរដ្ឋបាលខេត្តពោធិ៍សាត់ហាក់ ដូចជាធ្វើមិនឃើញមានចំណាត់ការយ៉ាងណានោះឡើយ។

ប្រជាពលរដ្ឋនៅតាមដងផ្លូវនៃខេត្តពោធិ៍សាត់ សុទ្ធតែដឹងអំពីទង្វើរបស់ក្រុមលោកង៉ោ ម៉ៅឬចាន់ ឃៀងនេះស្របពេលដែលស្ថាប័នជំនាញ រួមទាំងរដ្ឋបាលខេត្ត ពោធិ៍សាត់ធ្វើមិនដឹងមិនឮ។ យ៉ាងណាក៏ដោយគេរំពឹងថា លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ឬជាងនេះទៅទៀតលោកនាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ ឬក៏លោកឧបនាយករដ្ឋមន្ត្រីស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់ក្រុមមន្ត្រីអធិការកិច្ចចុះឃ្លាំ មើលតាមដងផ្លូវជាតិលេខ៥ឬនៅតំបន់កំពង់លួង នៃស្រុកក្រគរខេត្តពោធិ៍សាត់នោះ ដើម្បីឲ្យដឹងចំពោះទង្វើរបស់លោកចាន់ឃៀងឬ ង៉ោ ម៉ៅនេះផង។

តើក្រសួងមហាផ្ទៃ,អគ្គស្នងការនគរបាលជាតិ..អាចមានចំណាត់ការយ៉ាងណា ចំពោះបុគ្គលង៉ោ ម៉ៅ ដែលមានអតីតភាពជាឈ្មួញរកស៊ីឈើដ៏ល្បីល្បាញមួយ នៅខេត្ត ពោធិ៍សាត់ហើយបានទិញឈ្មោះ ចាន់ ឃៀង មកធ្វើជាប៉ូលីសរហូតក្លាយខ្លួនជាអធិការរងស្រុកក្រគរនោះ? តើលោក ង៉ោ ម៉ៅ ឆ្លងកាត់ការសិក្សារៀនសូត្រដើម្បីក្លាយ ជានគរបាលជាតិស្របច្បាប់ដែរឬទេ? ប្រជាពលរដ្ឋសង្ឃឹមថា សាច់ស្អុយមួយដុំនៅលើដងនេះនឹងត្រូវក្រសួងមហាផ្ទៃក៏ដូចជាអគ្គស្នងការនគរបាលជាតិបើកការស៊ើបអង្កេត៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299