កំណាត់ផ្លូវជាតិលេខ៤ នឹងត្រូវពង្រីកទទឹងពី៧ម៉ែត្រ ទៅ១១ម៉ែត្រ បន្ទាប់ពីទទួលបានការអនុម័តហិរញ្ញប្បទានពីធនាគារពិភពលោកប្រមាណ១១០លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសសម្ពោធដាក់ឲឲ្យដំណើរការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តសាខាកំបូល កាលពីថ្ងៃទី៧ តុលា។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ការពង្រីទទឹងផ្លូវជាតិលេខ៤ ពី៧ម៉ែត្រ ទៅ១១ម៉ែត្រ គឺនឹងធ្វើឡើងទៅតាមទីតាំងភូមិសាស្ត្រជាក់ស្តែង ជាមួយនឹងចាក់កម្រាស់កៅស៊ូឡើងវិញ និងលើកកម្ពស់ផ្លូវដែលលិចលង់ដោយទឹកភ្លៀង ព្រមទាំងការស្តារឡើងវិញនូវស្ពានកាត់ផ្លូវមួយចំនួនផងដែរ។
លោកថា រហូតមកទល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យដេញថ្លៃគម្រោងស្ថាបនាផ្លូវនេះឡើងវិញ បានចំនួន២កញ្ចប់ហើយ ដោយនៅសល់តែ២ ឬ៣កញ្ចប់ទៀតប៉ុណ្ណោះ នឹងឈានទៅអភិវឌ្ឍន៍ផ្លូវនេះហើយ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤ តភ្ជាប់ពីភ្នំពេញ ទៅក្រុងព្រះសីហនុ មានប្រវែងសរុប ២៣២គីឡូម៉ែត្រ ត្រូវបានធនាគារពិភពលោកអនុម័តហិរញ្ញប្បទានចំនួន១១០លានដុល្លារអារមេរិក សម្រាប់ប្រើប្រាស់លើការបង្កើនគុណភាពបណ្តោយផ្លូវឲ្យល្អជាងមុន និងការរៀបចំកែលម្អចិញ្ចើមសងខាងផ្លូវដាក់លូបង្ហូរទឹក និងធ្វើស្ពាន តាមរចនាបទបែបនវានុវត្តន៍ និងមានភាពធន់ទៅនឹងអាកាសធាតុ៕
