(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ កម្មករក្រុមហ៊ុនស៊ិនទ្រីនឹងចូលបម្រើការងារវិញ ដោយធ្វើប្រមូលសំរាមដូចធម្មតា ក្រោយពួកគេទទួលបានដំណោះស្រាយសមស្របពីសាលារាជធានីភ្នំពេញ។
ប៉ុន្ដែទោះជាយ៉ាងណា ក្នុងអន្ដរកាលនេះ អភិបាលរាជធានីភ្នំពេញ បានណែនាំ និងដាក់ផែនការ ឲ្យអភិបាលខណ្ឌទាំង១៤ រួមទាំងមន្ដ្រីពាក់ព័ន្ធ ចុះប្រមូលសំរាមជាបណ្ដោះអាសន្ន ក្នុងពេលនេះផងដែរ។
យោងតាមកំណត់ហេតុកិច្ចប្រជុំបានបង្ហាញថា ការចរចារភាគីទាំងអស់បានព្រមព្រៀងគ្នាដូចខាងក្រោម ៖
*ទី១.ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ
*ទី២.ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៉ិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ
*ទី៣.សូមឲ្យកម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះតទៅ។
គួរជម្រាបថា កម្មករប្រមូលសំរាម ក្រុមហ៊ុន ស៊ិនទ្រី បាននាំគ្នាធ្វើកូដកម្មឈប់ប្រមូលសំរាម តាំងពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ដើម្បីទាមទារឲ្យអាជ្ញាធរចូលរួមដោះស្រាយ ចំពោះលក្ខខណ្ឌដែលពួកគេបានទាមទារ៕
