អ្នកប្រើប្រាស់ KHQR របស់ប្រព័ន្ធទូទាត់បាគងរបស់កម្ពុជា អាចទូទាត់ទៅវិញទៅមកជាមួយអាជីវករដែលមានប្រើប្រាស់ប្រព័ន្ធ Alipay របស់ចិន ចំនួន៨៣លានអាជីវកម្ម ឬទីកន្លែងនៅទូទាំងសកលលោក។
លោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខា ដោយផ្ទាល់លើអនុស្សរណៈយោគយល់ (MoU) ជាមួយ លោក ឌូក្លាស ហ្វៀហ្គីន Douglas Feagin អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Ant Group។ ក្រុមហ៊ុន Ant Group ជាក្រុមហ៊ុនមេរបស់កម្មវិធីទូទាត់ប្រាក់លើទូរសព្ទ Alipay ដែលមានទីតាំងនៅក្នុងប្រទេសចិន។ Alipay កំពុងដំណើរការនៅលើទីផ្សារជាង៥៧ ក្នុងនោះក៏មាននៅបណ្តាប្រទេសធំៗមួយចំនួនដូចជា៖ ចិន សិង្ហបុរី ម៉ាឡេស៊ី ថៃ ម៉ាឡេស៊ី ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។
លោកស្រី ជា សេរី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធបាគងនៅកម្ពុជា អាចតភ្ជាប់ទៅពាណិជ្ជករ Alipay Plus ចំនួន៨៣លានកន្លែងនៅទូទាំងពិភពលោក ហើយថែមទាំងអនុញ្ញាតឱ្យភ្ញៀវទេសចរមកពីជុំវិញពិភពលោក ធ្វើការទូទាត់មកពាណិជ្ជករ ដែលប្រើប្រាស់ KHQR នៅកម្ពុជាផងដែរ។ ប្រធានធនាគារកណ្តាលកម្ពុជាដ៏លេចធ្លោរូបនេះ បញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិដដែល នឹងពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ការទូទាត់របស់កម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់បទពិសោធទេសចរណ៍ឱ្យកាន់តែប្រសើរឡើងនៅកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ទោះយ៉ាងណា ពាណិជ្ជករកម្ពុជាត្រូវតែមានគណនីជាប្រាក់រៀល និងទទួលយកមកវិញជាប្រាក់រៀល។ លោកស្រី ជា សេរី បានលើកទឹកចិត្តឱ្យពាណិជ្ជករបើកគណនីប្រាក់រៀល ហើយចាប់ផ្តើមទទួលយកការទូទាត់ជាប្រាក់រៀល ព្រោះយន្តការនេះ គឺធ្វើឡើងដើម្បីលើកទឹកចិត្តការប្រើប្រាស់ប្រាក់រៀល។
គួររំឭកថា ក្រៅតែពី MoU សហការជាមួយ Alipay ធនាគារជាតិនៃកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣ ដែលបានចុះ MoU ជាមួយប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ Union Pay របស់ចិនដូចគ្នា។ លើសពីនេះ KHQR របស់បាគង ក៏កំពុងប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសក្បែរខាងដូចជា៖ ថៃ វៀតណាម និងប្រទេសក្នុងតំបន់អាស៊ានរួមមាន ម៉ាឡេស៊ី ជាដើម ខណៈបាគង ក៏ត្រៀមនឹងបង្ហាញវត្តមានក្នុងប្រទេសយក្សសេដ្ឋកិច្ចមួយចំនួនក្នុងតំបន់ គឺប្រទេសឥណ្ឌា និងជប៉ុនផងដែរ។ របាយការណ៍ធនាគារជាតិកម្ពុជា បង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ការទូទាត់ប្រាក់តាមប្រព័ន្ធទូទាត់បាគងមានជាង៣៥លានប្រតិបត្តិការ ដែលគិតជាទឹកប្រាក់មានប្រមាណ១២ពាន់លានដុល្លារអាម៉េរិក៕
