ក្នុងជំនួបជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ ប្រធានបេសកកម្មសម្រាប់កម្ពុជា នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញពីការព្យាករណ៍ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើងក្នុងអត្រា៥,៣ភាគរយ ខណៈអត្រាអតិផរណាបន្តមានកម្រិតទាបប្រមាណ ២.៣ភាគរយ ហើយប្រព័ន្ធធនាគារបន្តមានស្ថិរភាពជាមួយកំណើនឥណទានទាបជាងឆ្នាំមុន។
លោក Davide Furceri ប្រធានបេសកកម្មសម្រាប់កម្ពុជា នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ទស្សនវិស័យ និងអនុសាសន៍ផ្នែកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងការកែទម្រង់រចនាសម្ព័ន្ធចាំបាច់នានា សំដៅបន្តរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ទន្ទឹមនឹងការវាយតម្លៃនេះ ក្រុមបេសកកម្មក៏បានផ្ដល់អនុសាសន៍ពាក់ព័ន្ធនឹងនយោបាយរូបិយវត្ថុនិងម៉ាក្រូហិរញ្ញវត្ថុ ដែលក្នុងនោះ ភាគច្រើនធនាគារជាតិនៃកម្ពុជាបាននិងកំពុងអនុវត្ត និងគ្រោងដាក់ចេញ នាពេលខាងមុខ ដើម្បីបន្តគាំទ្រកំណើនសេដ្ឋកិច្ចនិងវឌ្ឍនភាពប្រព័ន្ធធនាគារនិងវិស័យហិរញ្ញវត្ថុប្រកបដោយស្ថិរភាព៕
