ភាពយន្តចិន No more bets ដែលកំពុងកើបលុយរាប់លានដុល្លារ ពីការចាក់បញ្ចាំងនៅជុំវិញពិភពលោក នឹងមិនត្រូវអនុញ្ញាតឱ្យចាក់បញ្ចាំងនៅប្រទេសកម្ពុជាឡើយ ទោះតាមប្រព័ន្ធផ្សព្វផ្សាយណាក៏ដោយ។
លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ មានប្រសាសន៍ថា ភាពយន្តចិន ដែលមានចំណងជើងថា No more bets បានប៉ះពាល់ដល់ប្រទេសមួយដែលមានអធិបតេយ្យភាពពេញលេញ ដូច្នេះវិធានការរបស់កម្ពុជា គឺមិនអនុញ្ញាតដាច់ខាតឱ្យខ្សែភាពយន្តនេះចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយមិនឱ្យអាជ្ញាបណ្ណចាក់ផ្សាយ។ ហើយក្នុងករណីដែលមានការបង្ហោះទៅលើបណ្តាញសង្គម ឬក៏ប្រព័ន្ធផ្សព្វផ្សាយណាមួយនោះ ក្រសួងនឹងស្នើសុំទៅក្រសួងប្រៃសណីយ៍ ដើម្បីទប់ស្កាត់មិនឱ្យមានការផ្សាយ។
សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ផ្ទុះប្រតិកម្មពីប្រជាពលរដ្ឋខ្មែរយ៉ាងខ្លាំងក្លា ជុំវិញភាពយន្តចិនមួយ ដែលមានចំណងជើងថា «No more bets» ហើយភាពយន្តនេះបាននិងកំពុងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាដាំក្បាលចុះមួយទំហឹង ដោយសារតែអ្នកទេសចរចិន និងបរទេសដែលបានទស្សនារឿងនេះ មានការភ័យខ្លាចក្នុងការមកកម្សាន្តនៅកម្ពុជា។
ជាងនេះទៅទៀត ភាពយន្តចិនមួយនេះ ក៏កំពុងធ្វើឱ្យប៉ះពាល់ទឹកចិត្តមហាជនខ្មែរ ព្រោះតែភាពយន្តចិនមួយនេះ អ្នកនិពន្ធបានអះអាងថា ផលិតឡើងមកផ្អែកទៅលើការពិត ដែលបានធ្វើការស្រាវជ្រាវ និងលើកឡើងថា មានបទឧក្រិដ្ឋជាច្រើនកើតមាននៅប្រទេសអាស៊ីអាគ្នេយ៍ មានទាំង កម្ពុជា ថៃ និងប្រទេសមីយ៉ាន់ម៉ា ជាដើម៕
