ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះបានចេញប្រកាសស្តីពីពន្ធលើចំណេញមូលធន ដែលមានអត្រាពន្ធថេរ២០ភាគរយ ដោយនឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅខែមករាឆ្នាំ២០២១ ខាងមុខ។
ចំពោះការសម្រេចនេះ អ្នកជំនាញ និងអ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថា ការសម្រេចរបស់រដ្ឋាភិបាលបានេះ គឺរដ្ឋត្រូវការចំណូលបន្ថែមដើម្បីទ្រទ្រង់សកម្មភាពការចំណាយរបស់រដ្ឋ ប៉ុន្តែយ៉ាងណានៅក្នុងអំឡុងពេលនេះហាក់ដូចបន្ថែមបន្ទុកដល់អ្នកប្រើប្រាស់ច្រើន ខណៈស្ថានភាពជំងឺកូវីដ ១៩ នៅមិនទាន់ផុតរលត់បញ្ចប់ទៅវិញនៅឡើយនោះ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជាបានគូសបញ្ជាក់ថា រដ្ឋគួតែពន្យារពេលនៃការចាប់ផ្តើមអនុវត្តគិតពន្ធនេះរហូតដល់ជំងឺកូវីដ ១៩ ផុតរលត់ទៅវិញ និងស្ថានភាពសេដ្ឋកិច្ចកម្ពុជាកាន់តែល្អឡើងវិញនោះអាចចាប់ផ្តើមគិតពន្ធប្រភេទនេះទើបជាការល្អសម្រាប់អ្នកប្រើប្រាស់។ លោកថា ការបង់ពន្ធជូនរដ្ឋគឺជាកាតាព្វកិច្ចរបស់ពលរដ្ឋ ប៉ុន្តែក្នុងអំឡុងពេលដ៏លំបាកនេះរដ្ឋគួរពន្យាពេលតទៅទៀត រហូតដល់សេដ្ឋកិច្ចដំណើរល្អប្រសើរឡើងវិញ។
លោក សុខនីម បានគូសបញ្ជាក់បន្ថែមថា បើសិនជារដ្ឋនៅតែសម្រេចយកពន្ធចំពេលវិបត្តិជំងឺសកលនេះមិនទាន់ផុតរលត់ទៅនេះ សកម្មភាពនៃដោះដូរអចលនទ្រព្យអាចនឹងមានការធ្លាក់ចុះទៅតាមនោះដែរ។
យ៉ាងណាក៏ដោយ លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ពន្ធលើចំណេញមូលធននេះ មិនមែនជាការបង្កើតពន្ធថ្មីនោះឡើយ។ ពន្ធនេះមានក្នុងច្បាប់ថវិកាឆ្នាំ២០១០មកម្ល៉េះ ប៉ុន្តែរាជរដ្ឋាភិបាលអនុញ្ញាតឲ្យពន្យារពេលដល់ឆ្នាំ២០២០ ដែលគិតមកដល់បច្ចុប្បន្ន១០ឆ្នាំហើយ។
លោកថា ពន្ធចំណេញលើមូលធននេះគឺសំដៅលើពន្ធអចនទ្រព្យ និងមូលធនផ្សេងៗទៀតដែលមាននៅក្នុងអាជីវកម្ម ហើយពន្ធនេះមិនមែនមានតែកម្ពុជាទេ នៅបណ្តាប្រទេសផ្សេងៗក៏គេមានដែរ ដូចប្រទេសបារាំង និងអូស្ត្រាលីជាដើមគឺត្រូវបានគេយកច្រើនជាងនៅកម្ពុជាក្នុងអត្រា រហូត ដល់ ៤០ ទៅ៧០ភាគរយ៕
