ក្រោយពីអ្នកបញ្ជាទិញពីអឺរ៉ុប និងអាមេរិក បានស្នើឲ្យរោងចក្រកាត់ដេរនៅកម្ពុជា ការពន្យារពេលផ្គត់ផ្គង់ទំនិញ និងបានលុបចោលការកម្ម៉ង់ទិញរយៈពេល ២ ទៅ៣ខែខាងមុខ បានជំរុញឲ្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC បានចេញមុខ អំពាវនាវឲ្យអ្នកបញ្ជាទិញទាំងនោះ គោរពតាមកិច្ចសន្យា និងទូទាត់ការកម្ម៉ង់ចាស់ជាមួយរោងចក្រកាត់ដេរនៅកម្ពុជា បើមិនដូច្នេះទេ រោងចក្រ អាចនឹងត្រូវប្រឈមនឹងបញ្ហាលំហូរសាច់ប្រាក់ ក្នុងការបើកប្រាក់ខែជូនដល់កម្មករជាក់ជាមិនខាន។ នេះបើតាមការអះអាង ពីមន្ត្រីជាន់ខ្ពស់នៃ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា។
បើទោះបីជា ថ្មីៗនេះ កម្ពុជាទើបតែទទួលបានវត្ថុធាតុដើមពីប្រទេសចិនរាប់រយកុងតឺន័រសម្រាប់បំពេញតម្រូវការផលិតកម្មរបស់រោងចក្រកាត់ដេរក៏ដោយ ប៉ុន្ដែ មកទល់ពេលនេះ ស្ថានភាពរបស់វិស័យកាត់ដេរនៅកម្ពុជា ត្រូវបានអ្នកជំនាញអះអាងថា នៅតែស្ថិតក្នុងភាពលំបាកលំបិនកាន់តែខ្លាំង។ លំបាកលំបិន គឺព្រោះតែ ក្រុមហ៊ុនអ្នកបញ្ជាទិញធំៗ ដូចជាពីអាមេរិក និងអឺរ៉ុបជាដើម បានប្រាប់ឲ្យរោងចក្រនៅកម្ពុជាពន្យារពេលផ្គត់ផ្គង់ ព្រមទាំងបានលុបចោលនូវការកម៉្មង់ទិញសម្រាប់រយៈពេល ២ ទៅ៣ខែ ខាងមុខថែមទៀតផង។
លោកកាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ន មានអ្នកបញ្ជាទិញប្រមាណ ៧០ ទៅ៨០% ទៅហើយ បានប្រាប់ឲ្យរោងចក្រផ្អាកការផ្គត់ផ្គង់និងការផលិតបណ្ដោះអាសន្ន ព្រោះតែនៅប្រទេសទាំងនោះ កំពុងជួបបញ្ហារីករាលដាលនៃមេរោគCovid-19 កាន់តែខ្លាំង ហើយគេក៏ទាន់មិនដឹងពីពេលវេលាជាក់លាក់ថា បញ្ហានេះ នឹងធូរស្បើយមកវិញនៅពេលណានោះដែរ។
បើតាមការបញ្ជាក់របស់លោក កាំង ម៉ូនីកា គិតត្រឹមថ្ងៃទី ២៦ មីនា រោងចក្រដែលបានផ្អាកប្រតិបត្តិការផលិតជាបណ្ដោះអាសន្នមានចំនួន ៥៥ រោងចក្រ ដែលប៉ះពាល់ដល់ការងារកម្មករប្រមាណ ៣ម៉ឺននាក់។ យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២០នេះដែរ សមាគមរោងចក្រកាត់ដេរ អះអាងថា នឹងមិនមានរោងចក្រកាត់ដេរណាមួយមានប្រាក់ចំណេញនោះទេ ខណៈដែលប៉ុន្មានខែមកនេះ វិស័យនេះត្រូវបានរងការប៉ះទង្គិចដោយសារបញ្ហាមេរោគ Covid-19 ហើយវាក៏មិនទាន់ដឹងច្បាស់ថា បញ្ហានេះ នឹងត្រូវបានដោះស្រាយធូរស្បើយមកវិញនៅពេលណានោះដែរ៕
