គណៈរដ្ឋមន្ត្រីថៃ កាលពីពេលថ្មីៗនេះ បានសម្រេចអនុម័តនូវកញ្ចប់ថវិកាជំរុញកំណើនតម្រូវការសេដ្ឋកិច្ច ដែលមានទំហំទឹកប្រាក់ជាង ៣៥០០ លានដុល្លារអាមេរិក ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការផ្ទុះរាលដាលនៃមេរោគ Covid-19 មកលើសេដ្ឋកិច្ចនៅក្នុងប្រទេសថៃ។ វិធានការកញ្ចប់ថវិកាថ្មីនេះ ត្រូវបានប្រើប្រាស់ក្នុងការជួយដល់ពលរដ្ឋរងគ្រោះផង និងប្រតិបត្តិករអាជីវកម្មក្នុងស្រុកផងដែរ។
វិធានការកញ្ចប់ថវិកា ដែលរាជរដ្ឋាភិបាលថៃ ជួយដល់ពលរដ្ឋខ្លួន៖
– ផ្ដល់ជូន ប្រាក់ឧបត្ថម្ភ ប្រមាណ ១៥៣ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់រយៈពេល ៣ខែ ជូនដល់កម្មករ ដែលមិនស្ថិតនៅក្រោមមូលនិធិសន្ដិសុខសង្គម។ ហើយអ្នកដែលស្ថិតនៅក្រោម មូលនិធិនេះ នឹងទទួលបានប្រាក់សំណងពីភាពអត់ការងារធ្វើ រហូតដល់ ៥០% នៃប្រាក់ខែ។
– មនុស្សម្នាក់អាចខ្ចីប្រាក់បន្ទាន់ប្រមាណ ៣០០ ដុល្លារអាមេរិក ក្នុងអត្រាការប្រាក់ ០,១% ក្នុងមួយខែ ដោយមិនមានទ្រព្យបញ្ចាំ។
– មនុស្សម្នាក់អាចខ្ចីប្រាក់ដល់ជាង ១៥០០ ដុល្លារអាមេរិក ក្នុងអត្រាការប្រាក់ ០,៣៥% ក្នុងមួយខែ ដោយមានទ្រព្យបញ្ចាំ។
– ក្រុមហ៊ុនហាងបញ្ចាំរបស់រដ្ឋ នឹងគិតការប្រាក់ទាបជាង ០,១២៥% ក្នុងមួយខែ
– ពន្ធលើប្រាក់ចំណូលបុគ្គល នឹងពន្យារពេលយកដល់ខែ សីហា ឆ្នាំ២០២០
– លើកលែងពន្ធ លើការទូទាត់ហានិភ័យ សម្រាប់បុគ្គលិកសុខាភិបាល
– ផ្ដល់ការបំពាក់បំប៉ន សម្រាប់អ្នកស្វែងរកប្រាក់ចំណូលនានា
វិធានការកញ្ចប់ថវិកាចំពោះប្រតិបត្តិករ
– ផ្ដល់ប្រាក់កម្ចីចាប់ពីប្រមាណជាង ៩២៤០០ ដុល្លារអាមេរិកឡើងទៅសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ក្នុងអត្រាការប្រាក់ ៣% សម្រាប់រយៈពេល ២ឆ្នាំដំបូង
– ពន្ធលើប្រាក់ចំណូលសាជីវកម្ម នឹងត្រូវពន្យារពេលយក ទៅដល់ខែសីហា និងខែកញ្ញា
– ការដាក់ពន្ធផ្សេងៗទៀត សម្រាប់ប្រតិបត្តិករដែលប៉ះពាល់ដោយមេរោគ Covid-19 នឹងត្រូវពន្យារពេល៣ខែ
– ការដាក់ពន្ធអាករ ដោយអាជីវកម្មសេវាកម្ម នឹងត្រូវពន្យារពេល១ខែ
– ការដាក់ពន្ធអាករលើផលិតផលប្រេង នឹងពន្យារពេលដល់ថ្ងៃទី ១៥ នៅខែបន្ទាប់ សម្រាប់រយៈពេល ៣ខែ
– លើកលែងពន្ធនាំចូល សម្រាប់ផលិតផលទាក់ទងនឹងការការពារ និងព្យាបាលជំងឺមេរោគ Covid-19
– លើកលែងពន្ធ និងការកាត់ចំណាយ សម្រាប់ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ជាមួយនឹងម្ចាស់បំណុល ដែលជាស្ថាប័នមិនមែនហិរញ្ញវត្ថុ។
