សង្គម

ពលរដ្ឋស្នើ អាជ្ញាធរក្រុងភ្នំពេញ ជួយបង្ក្រាបទីតាំងល្បែងបញ្ជល់មាន់ និងអាប៉ោង ក្នុងខ័ណ្ឌទួលគោក!

(ភ្នំពេញ) ៖ ទោះបីជាភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំនុចរបស់រដ្ឋាភិបាល ដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់អនុវត្ដន៍ទូទាំងប្រទេសយ៉ាងណារក្ដីក៏នៅតែអាជ្ញាធរនឹងសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនហាក់មិនគោរពតាមគោលនយោបាយនេះឡើយ។

ជាក់ស្ដែងទីតាំងបនល្បែងជល់មាន់ និងអាប៉ោង នៅទល់មុខម៉ុងឌីយ៉ាល់ ដែលស្ថិតនៅ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។កំពុងតែគៀងគរប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋាន ចូលទៅលេង ភ្លេចធ្វើការងារនិងប្រកបរបររកសុីទទួលទានប្រចាំថ្ងៃអស់ហើយ។

ប្រភពពី អ្នកចេញចូលលេងល្បែងសុីសងមាន់ជល់ និងអាប៉ោងខាងលើនេះបានខ្សឹបមកកាន់(ពេញចិត្តមេឌា)យើងថា ចំពោះទីតាំងបើកល្បែងសុីសងខុសច្បាប់នេះ គឺគេលងក្នុងមួយសប្តាហ៍ ពីរថ្ងៃ មានថ្ងៃពុធនិងថ្ងៃសុក្រ កំពុងតែបូមប្រាក់ពីពួកគាត់មិនតិចទេក្នុងមួយថ្ងៃៗ ព្រោះមានអ្នកខ្លះចាញ់អស់រាប់លានរៀល មានអ្នកចាញ់អស់ឡាន ម៉ូតូក៏មានដែរ នឹងថែមទាំងមានអ្នកខ្លះលក់ដីបញ្ចាំទ្រព្យយកមកលេង ក្រែងមានសំណាងបានប្រាក់ត្រឡប់មកវិញ។ប្រភពបន្តទៀតថា ទីតាំងបើកល្បែងស៊ីសងខាងលើនេះ បើកដំណើរការបានយ៉ាងរលូន ព្រោះមេការបនល្បែងឈ្មោះសាល បានរត់ការគ្រប់ច្រកល្ហកអស់ហើយដើម្បីឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័នៅក្នុងក្រុងភ្នំពេញរក្សាភាពស្ងៀមស្ងាត់ ពោលគឺបើកអោយលេងយ៉ាងសេរីចំពោះអាជ្ញាធរនិងសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្ហឡើយ ។

ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងខាងលើនេះ ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់ ប៉ុន្តែអ្វីដែលសំខាន់ គឺសំលេងទាំងនេះ មិនបានរំខានដល់ត្រចៀកអាជ្ញាធរក្នុងមូលដ្ឋាននោះទេ។

ពលរដ្ឋមានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹងឬមួយខ្លាចបែកឆ្នាំងបាយបានជាមិនហ៊ានបង្ក្រាបទើបបណ្ដែតបណ្ដោយឲ្យ បើកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងទៅវិញក្នុងមូលដ្ឋាន?

គូររម្លឹកដែរថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម ក៏ដូចក្នុងមូលដ្ឋានផងដែរ។

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានពេញចិត្តមេឌាមិនអាចសុំការបំភ្លឺពីលោក សុខ ហេង អធិការខណ្ឌទួលគោកបានទេ។ សម្រាប់លោក ជា ពិសី អភិបាលខណ្ឌទួលគោក

បានថ្លែងថា និងអោយនាយករដ្ឋបាលសហការ ដើម្បីមានវិធានការបង្ក្រាប។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក មាស មេតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងមកកាន់អង្គភាពសារព័ត៌មានពេញចិត្តមេឌា សុំឲ្យអ្នកសារព័ត៌មានផ្ដល់ទីតាំងឲ្យបានច្បាស់ ធ្វើការស៊ើបអង្កេត និងមានវិធានការបង្រ្កាបតាមផ្លូវច្បាប់។

ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងសុីសងជល់ទាំងនេះផង បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកលោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំលើលោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ និងមានចំណាត់ការចំពោះទីតាំងល្បែងសុីសងខាងលើនេះ ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន: 010 840 732 / 061 881299