សង្គម

ហ្គាណា ចាប់ផ្តើម​ផ្ទុះ​មេរោគ “​ម៉ាបឺក​” ដែល​បង្ក​ឱ្យ​កើតជំងឺអេបូឡា

ហ្គា​ណា​បាន​បញ្ជាក់ពី​ករណី​ពីរ​ដំបូង​របស់​ខ្លួន​នៃ​មេរោគ​ម៉ាបឺក (Marburg) ដ៏​ប្រល័យ​ដែល​ជា​ជំងឺឆ្លង​ខ្លាំង​នៅក្នុង​គ្រួសារ​តែ​មួយ​នឹង​វីរុស​ដែល​បង្ក​ឱ្យ​កើត​​ជំងឺអេបូ​ឡា​។​

​ហ្គា​ណា​និយាយថា អ្នកជំងឺ​ទាំងពីរ​បាន​ស្លាប់​ថ្មីៗ​នេះ​នៅក្នុង​មន្ទីរពេទ្យ​ក្នុង​តំបន់​អាសា​នទី (Ashanti) ភាគខាងត្បូង​។​សំណាក​របស់​ពួកគេ​ត្រូវបាន​ផ្ទៀងផ្ទាត់​ដោយ​មន្ទីរពិសោធន៍​ក្នុងប្រទេស​​សេណេ​ហ្គាល់​។​

​មន្ត្រី​សុខាភិបាល​ក្នុងប្រទេស​អាហ្វ្រិក​ខាង​លិច​មួយ​នេះ​បាន​និយាយថា មនុស្ស ៩៨ នាក់​ឥឡូវនេះ​កំពុង​ស្ថិត​ក្រោម​ចត្តា​ឡី​ស័ក ក្នុងនាម​ជា​ករណី​ប៉ះពាល់​សង្ស័យ​។​

​ឥឡូវនេះ​មិនទាន់​មាន​ការព្យាបាល​សម្រាប់​មេរោគ​ម៉ាបឺក​ទេ ប៉ុន្តែ​វេជ្ជបណ្ឌិត​និយាយថា ការផឹក​ទឹក​ច្រើន​និង​ការព្យាបាល​រោគសញ្ញា​ជាក់លាក់​មួយចំនួន​គឺ​ជួយ​បង្កើន​ឱកាស​រស់រានមានជីវិត​រប​អ្នក​​ជំងឺ​។​

​មេរោគ​នេះ​ឆ្លងទៅ​មនុស្ស​ពី​ប្រចៀវ​ហើយ​ឆ្លង​រវាង​មនុស្ស​តាមរយៈ​ការចម្លង​សារធាតុ​រាវ​ក្នុង​ខ្លួន​។​

​វា​ជា​ជំងឺ​ធ្ងន់ធ្ងរ​ដែល​នាំ​ឱ្យ​ស្លាប់​ភាគច្រើន ដោយ​រោគសញ្ញា​រួមមាន ឈឺក្បាល ក្តៅខ្លួន ឈឺ​សាច់ដុំ ក្អួត​ឈាម និង​ហូរឈាម​។​

​ក្រុមមន្ត្រី​បាន​ព្រមាន​ប្រជាជន​ឱ្យ​នៅ​ឆ្ងាយ​ពី​រូងភ្នំ​និង​ត្រូវ​ចម្អិន​សាច់សត្វ​ទាំងអស់​ឱ្យបាន​ហ្មត់ចត់ មុន​នឹង​ទទួល​ទាន​វា​។​

WHO បាន​និយាយថា នៅ​ទ្វីបអាហ្វ្រិក ការផ្ទុះ​មេរោគ​នេះ​មុនៗ​និង​ករណី​មួយៗ​ត្រូវបាន​រាយការណ៍​នៅក្នុង​ប្រទេស​អង់​ហ្គោឡា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ កេន​យ៉ា អាហ្វ្រិក​ខាងត្បូង និង​អ៊ូ​ហ្គង់​ដា​។ ការផ្ទុះ​មេរោគ​ម៉ាបឺក​ដំបូងបង្អស់​គឺ​នៅ​ប្រទេស​អាល្លឺម៉ង់​ក្នុង​ឆ្នាំ ១៩៦៧ ដែល​មាន​មនុស្ស​ប្រាំពីរ​នាក់​ស្លាប់​។​

​មេរោគ​នេះ​បាន​សម្លាប់​មនុស្ស​ជាង ២០០ នាក់​នៅក្នុង​ប្រទេស​អង់​ហ្គោឡា​ក្នុង​ឆ្នាំ ២០០៥ ដែល​ជា​ការផ្ទុះ​មេរោគ​ដ៏​សាហាវ​បំផុត​ក្នុង​កំណត់ត្រា នេះ​បើ​យោង​តាម​ស្ថាប័ន​សុខភាព​ពិភពលោក​៕