ជីវិតកម្សាន្ត

ចុងសប្ដាហ៍ទី៣ ខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរជាង ២២ម៉ឺននាក់

នៅ​ចុង​សប្តាហ៍ ថ្ងៃទី​១៦-១៧ ខែកក្កដា ឆ្នាំ​២០២២ មាន​ភ្ញៀវទេសចរ ចេញ​ដើរ​កម្សាន្ត​ចំនួន ២២៦.៤៤១ នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ ២០៤.៤៨១ នាក់ ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២១.៩៦០ នាក់​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២២​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖ ខេត្តបាត់ដំបង ៣៦.៥២០ នាក់​, ខេត្តកំពត ២៨.៩៦៤ នាក់​, ខេត្ត​ព្រះសីហនុ ២៨.៥០៤ នាក់​, ខេត្តសៀមរាប ២៧.៥៨៦ នាក់​, រាជធានី​ភ្នំពេញ ២០.៨១៦ នាក់​, ខេត្ត​កែប ១០.៥៣១ នាក់​, ខេត្តកណ្តាល ១០.២៨៦ នាក់​, ខេត្តពោធិ៍សាត់ ១០.២៨២ នាក់​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹង​ទៀតថាៈ តួលេខ​ខាងលើ មានការ​ថយចុះ​ប្រមាណ ២០,៧៧% ធៀប​នឹង​សប្តាហ៍​កន្លងមក ហើយ​គោលដៅ​ទេសចរណ៍​សំខាន់ៗ សុទ្ធតែ មាន​ថយចុះ ដូចជា ខេត្ត​ព្រះសីហនុ ថយចុះ​ប្រមាណ ៤៨,០៧%, ខេត្ត​កែប ថយចុះ​ប្រមាណ ៤១,៧២% និង​ខេត្តសៀមរាប ថយចុះ​ប្រមាណ ៣៨,០៦%​។ មូលហេតុ សំខាន់​ដែល​នាំ​ឲ្យ​ការ​ថយ នៃ​ចំនួន​ភ្ញៀវទេសចរ នា​សប្តាហ៍​កន្លងមក បណ្តាលមកពី បញ្ហា​អាកាសធាតុ ដែល​មិន​អំណោយផល មាន​ភ្លៀង​ធ្លាក់​ច្រើន នៅ​គ្រប់​រាជធានី ខេត្ត ដែល​បានធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង នៅតាម​តំបន់​មួយចំនួន ពិសេស​គោលដៅ​ទេសចរណ៍ ខេត្ត​តំបន់ឆ្នេរ និង​គោលដៅ​ទេសចរណ៍ នៅ​ខេត្តពោធិ៍សាត់ (​តំបន់​វាលវែង និង​ផ្លូវ​បុប្ផា​លក់ខ្លួន (​ផ្លូវជាតិ​លេខ​៥៥) ជាដើម​។​

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថាៈ ដោយឡែក នា​ចុង​សប្តាហ៍​កន្លងមកនេះ មាន​ប្រជាពលរដ្ឋ មួយចំនួន បានធ្វើ​ដំណើរ​ទៅកាន់​ទី​វត្ត​អារាម​នានា ដើម្បី​នាំយក​ទៀនវស្សា និង​គ្រឿង​ឧបភោគបរិភោគ ទៅ​ប្រគេន​ព្រះសង្ឃ សម្រាប់​ប្រើប្រាស់ នាពេល​ចូល​ព្រះវស្សា ផងដែរ​៕