ក្រសួងអប់រំយុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានសម្រេចឱ្យសាលាអន្តរជាតិ អាយ ស៊ី អេស អាចចេញសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់ទី១២ ដែលមានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា។
តាមប្រការ២ នៃប្រកាសនោះ សាលាអន្តរជាតិ អាយ ស៊ី អេស ត្រូវរៀបចំបញ្ជីឈ្មោះសិស្សដែលបានប្រឡងជាប់ជាស្ថាពរនៅក្នុងកម្មវិធីប្រឡងបញ្ចប់ ដោយភ្ជាប់មកជាមួយនូវពិន្ទុលទ្ធផលសិក្សារបស់សិស្ស ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យ និងផ្តល់ការឯកភាពមុននឹងចេញវិញ្ញាបនបត្របណ្តោះអាសន្ន ឬ បោះពុម្ពសញ្ញាបត្រជូនដល់សិស្សដែលបានប្រឡងជាប់ជាស្ថាពរ។
យ៉ាងណាក៏ដោយ ក្រសួងអប់រំបានបញ្ជាក់ថា ក្រសួងមានសិទ្ធិដកហូត ឬបដិសេធសញ្ញាបត្រថ្នាក់ទី១២ ដែលចេញដោយ សាលាអន្តរជាតិ អាយ ស៊ី អេស ក្នុងករណីត្រួតពិនិត្យរកឃើញមានភាពមិនត្រឹមត្រូវក្នុងដំណើរការសិក្សា ឬមានភាពមិនត្រឹមត្រូវក្នុងការសម្រេចផ្តល់សញ្ញាបត្រដល់អ្នកសិក្សា។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏នឹងបង្កើតគណៈកម្មការដែលមានសមាសភាពមកពីនាយកដ្ឋានធានាគុណភាពអប់រំ នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ និងនាយកដ្ឋានជំនាញពាក់ព័ន្ធដើម្បីត្រួតពិនិត្យតាមដានជាប្រចាំលើកម្មវិធីសិក្សា និងដំណើរការសិក្សា របស់ សាលាអន្តរជាតិ អាយ ស៊ី អេស ស្របតាមស្តង់ដារសម្រាប់វាយតម្លៃលើកម្មវិធីសិក្សា និងដំណើរការរបស់គ្រឹះស្ថានសិក្សាឯកជន ដែលបណ្តុះបណ្តាលកម្មវិធីសិក្សាអន្តរជាតិ ហើយស្តង់ដារនេះ ត្រូវរៀបចំទាបបំផុតឱ្យស្មើនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា៕