(កណ្ដាល)៖ ម្ចាស់ស្ថានីយប្រេងឥន្ទនៈជាច្រើនកន្លែងនៅក្នុងខេត្តកណ្តាលបានអះអាងថា មន្ត្រីកាំកុងត្រូល (ក.ប.ប) ខេត្តកណ្ដាល តែងតែមកជំរិតទារប្រាក់ពីពួកគេ ដោយក្នុងមួយកន្លែងៗ អស់ចាប់ពី២.០០០.០០០រៀលទៅ១០.០០០.០០០រៀល។
ការជំរិតទារប្រាក់នេះ គឺធ្វើឡើងនៅពេលមន្ត្រីកាំកុងត្រូល ចុះពិនិត្យ «គុណភាព បរិមាណរង្វាស់រង្វាល់.ប្រេងសាំង» តាមបណ្ដាហ្គារ៉ាស់សាំងនានា ក្រោមហេតុផលម្ចាស់ស្ថានីយប្រេងឥន្ទនៈ បន្លំគុណភាពពីសាំងធម្មតា.មកជាសាំងស៊ុបពែរ.លក់ខ្វះបរិមាណរង្វាស់រង្វាល់ចំនួនលីត្រ.ជាដើម។ល។
ម្ចាស់ស្ថានីយប្រេងឥន្ទនៈ បន្តថា បើពួកខ្លួន មិនព្រមបង់លុយក្រោមតុតាមការទាមទារនោះទេ មន្ត្រីកាំកុងត្រូល (ក.ប.ប) ខេត្តកណ្ដាល នឹងធ្វើការផាកពិន័យ អស់ច្រើនចាប់ពី១០លានរៀល ទៅ២០លានរៀលឯណោះ ឬបិទស្ថានីយប្រេងឥន្ទនៈ របស់ខ្លួន លែងឱ្យលក់ដូរទៀតផង ។
ជាងនេះទៅទៀត បើពួកខ្លួនរឹងរូសមិនព្រមអនុវត្តតាមការបង្គាប់បញ្ជា ក្រុមមន្ត្រីនិងបញ្ជូនសំណុំរឿងទៅតុលាការមិនខាន។ កត្តាទាំងនេះហើយ ទើបម្នាក់ៗ ត្រូវបង្ខំចិត្តបង់លុយក្រោមតុជូនមន្ត្រីកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល ស្ទើគ្រប់គ្នា។
តែយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ មានម្ចាស់ស្ថានីយប្រេងឥន្ទនៈចំនួន៤២ទីតាំង ក្នុងភូមិសាស្ត្រខេត្តកណ្ដាល បាននាំគ្នាផ្ដិតមេដៃ ប្ដឹងលោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល រួមនិងបក្ខពួក ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយថា ការចុះពិនិត្យ គុណភាពនិងរង្វាស់រង្វាល់ ប្រេងសាំង តាមបណ្ដាស្ថានីយប្រេងឥន្ទនៈ ពីសំណាក់មន្ត្រីកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល កាលពីកន្លងមកគឺជាការគាបសង្កត់ លើកយកកំហុសរបស់ម្ចាស់ស្ថានីយប្រេងឥន្ទនៈ មកបំភិតបំភ័យ សំឡុត ដើម្បីកំណត់យកលុយក្រៅប្រព័ន្ធច្បាប់ បានរាប់លានរៀលក្នុងមួយកន្លែងៗ បណ្ដាលឱ្យប៉ះពាល់សតិអារម្មណ៍ អាជីវករ ជាខ្លាំង។
ក្នុងនោះ ភាគច្រើនគេកំណត់ឱ្យម្ចាស់ស្ថានីយប្រេងឥន្ទនៈ ប្រគល់លុយជូនមន្ត្រីកាំកុងត្រូល ដោយស្ងាត់ៗ មិនមានឯកសារ វិក្កយបត្រ ផាកពិន័យ.ពោលគឺហុចផ្ទាល់ដៃ.តែម្ដង។ ខណៈម្ចាស់ស្ថានីយប្រេងឥន្ទនៈខ្លះទៀត ក៍បានផ្ញើលុយជូនលោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាលតាម«វីង»និង«ABA»ទៀតផង។
ម្ចាស់ស្ថានីយប្រេងឥន្ទនៈ នៅស្រុកកណ្ដាលស្ទឹងមួយកន្លែងបានថ្លែងថា មន្ត្រីកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល ពិតជាបានជំរិតទារប្រាក់ ពីខ្លួនយកលុយ ដាក់ហោប៉ាវប្រាកដមែន ដោយពេលចុះពិនិត្យនោះ ក្រុមមន្ត្រីអះអាងថា ស្ថានីយប្រេងឥន្ទនៈរបស់លោក លក់បន្លំគុណភាព ពីសាំងធម្មតា.មកជាសាំងស៊ុបពែរ.និងលក់ខ្វះមរិមាណរង្វាស់រង្វាល់ចំនួនលីត្រ។ ហេតុនេះត្រូវពិន័យចំនួន២០លានរៀល ដែលប្រឈមនិងបិទលែងឱ្យលក់ដូរទៀតផង ទន្ទឹមនិងនោះមន្ត្រីកាំកុងត្រូល បានព្រមានថាៈ បើខ្លួនរឹងរូស និងបញ្ជូនទៅតុលាការ។
ក្រោយស្ដាប់ឮ ការបំភិតបំភ័យពីសំណាក់ មន្ត្រីកាំកុងត្រូលបែបនេះ ខ្លួនក៍សម្របសម្រួល បង់លុយជូនមន្ត្រីកាំកុងត្រូល ចំនួន៤.០០០.០០០រៀលតែម្ដងទៅ។ ទើបក្រុមមន្ត្រី មិនផាកពិន័យចូលរដ្ឋចំនួន២០លានរៀល និងមិនបិទកន្លែងលក់ដូររបស់ខ្លួន។
ប្រភពដដែលបន្តថា មិនមែនមានតែលោកម្នាក់ទេ ដែលបានបង់លុយជូនមន្ត្រីកាំកុងត្រូលបែបនេះ ពោលគឺៈ ម្ចាស់ស្ថានីយប្រេងឥន្ទនៈ ដទៃទៀត ក៍មានវាសនាមិនខុសពីរូបលោកដែរ គឺត្រូវបង់លុយទាំងអស់ចាប់ពី២.០០០.០០០រៀល ទៅ១០.០០០.០០០រៀលក្នុងមួយកន្លែងៗ។
រាល់ការចោទប្រកាន់ទាំងនេះ លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាលបានបដិសេធ ដោយថា លុយដែលលោកទទួលពីម្ចាស់ស្ថានីយប្រេងឥន្ទនៈ គឺជាលុយពិន័យទាំងអស់ ដែលម្ចាស់ស្ថានីយប្រេងឥន្ទនៈ បង់ខ្លះនៅខ្លះ មិនទាន់មកយកវិក្កយបត្រ ពីកន្លែងរបស់លោក ។
ពាក់ព័ន្ធបណ្ដឹងទៅ ACU វិញ លោក តូច ចៅកុយ ថ្លែងថា មានអ្នកញុះញង់ ហើយលោកទើប និងដឹងទេ ខណៈ ACU ក៏ពុំទាន់កោះហៅរូបលោកចូលបំភ្លឺផងដែរ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299