រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសអំពាវនាវដល់អង្គភាព ស្ថាប័នពាក់ព័ន្ធតំបន់ឆ្នេរ និងសមុទ្រ ឲ្យយកចិត្តទុកដាក់ផ្សព្វផ្សាយ ជូនដំណឹង ដល់ប្រជានេសាទសមុទ្រ និងពលរដ្ឋ រួមនឹងអាជីវកម្មទេសចរណ៍ផ្សេងៗ លើដែនសមុទ្រ ឲ្យប្រុងប្រយ័ត្ន និងផ្អាកសកម្មភាពជាបន្ទាន់ ដោយស្ថានភាពធាតុអាកាស លើផ្ទៃសមុទ្រ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នេះ ចាប់ពីពេលព្រឹក រហូតមកដល់ថ្ងៃត្រង់ ខ្យល់ធ្លាក់ពីទិស ខាងលិច មានល្បឿនខ្យល់ពី ៤៦,៣ ដល់ ៧០,៣ គីឡូម៉ែត្រ ក្នុងមួយម៉ោង ចំណែករលក សមុទ្រ មានកម្ពស់ពី ៣ ទៅដល់ ៤ ម៉ែត្រ។
តាមការព្យាករណ៍សម្រាប់ពេលល្ងាចថ្ងៃដដែល មន្ត្រី បានបញ្ជាក់ថា ពេលល្ងាច ខ្យល់មាន កម្រិតល្បឿនដូចគ្នា និងពេលព្រឹកដែរ មិនមានកាថមថយនៅឡើយទេ។
យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ បានប្រកាសថាៈ កម្ពុជា ក៏ទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយលើប្រទេសថៃ ភ្ជាប់ទៅសម្ពាធសកម្មមួយ លើឈូងសមុទ្រចិន បង្កើតជាសម្ពាធទាប មកលើដែនសមុទ្រ និងភាគខាងក្រោមកម្ពុជា បានធ្វើឲ្យបណ្តាខេត្ត រាជធានី មានភ្លៀងធ្លាក់រាយប៉ាយ រួមដោយផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់ផងដែរ។ ជាពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ អាចជួបគ្រោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ៕