សង្គម

អាជ្ញាធរ​ប្រាប់​ឲ្យ​អ្នកធ្វើដំណើរ​ឡើងចុះភ្នំអានសេះប្រុងប្រយ័ត្ន អាច​មានថ្មបាក់រមៀល​ពីចង្កេះភ្នំ

អាជ្ញាធរខេត្ត​ព្រះវិហារ បាន​អំពាវនាវ​ដល់​អ្នកធ្វើដំណើ​រ ឡើង​ចុះ​ភ្នំ​អានសេះ ជាប់​ព្រំដែន​ថៃ បង្កើន​ការប្រុងប្រយ័ត្ន​បំផុត ព្រោះថា នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ មាន​ថ្ម​ជាច្រើន​ផ្ទាំង បាន​បាក់​រមៀល​ពី​ចង្កេះភ្នំ ធ្លាក់​មកលើ​ទ្រូងផ្លូវ ដែល​អាច​បង្ក​ការគ្រោះថ្នាក់ ជាយថាហេតុ​ណាមួយ ដោយ​គ្រោះធម្មជាតិ ។​

​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន បាន​ឲ្យ​ដឹង​ទៀតថា ថ្ម​ដែល​បាន​រមៀល​ធ្លាក់​មកលើ​ផ្លូវ ត្រង់​ចង្កេះភ្នំ ឡើងទៅ​ច្រក​អានសេះ​នោះ មាន​ច្រើន​ផ្ទាំង​ធំៗ ដោយ​ផ្ទាំង​ថ្ម​នីមួយៗ មាន​ទំហំ ១,៦០ ម៉ែត្រ គុណ​នឹង ២​ម៉ែត្រ និង​មាន​កំពស់ ១,២០ ម៉ែត្រ ប៉ុន្តែ​នៅសល់​ទំហំ​ផ្លូវ ៥ ម៉ែត្រ​ទៀត សម្រាប់​ការធ្វើដំណើរ ឡើងទៅ​កាន់​ច្រកទ្វារ​អានសេះ​នេះ​។​

​នគរបាល​មូលដ្ឋាន បានបញ្ជាក់​ទៀតថា មកទល់នឹង​រសៀល​ថ្ងៃដដែលនេះ ផ្ទាំង​ថ្ម​ធំៗ​ទាំងនោះ នៅ​មិនទាន់បាន​ស្ទូច​យកចេញ ពីលើ​ផ្លូវ​នៅឡើយ​ទេ ប៉ុន្តែ​កម្លាំង​នគរបាល​ការពារ​ព្រំដែន និង​កម្លាំងយោធា​ការពារ​ព្រំដែន បាន​សហការ​រួមគ្នា ចុះ​កើប​បោសសំអាត​ថ្ម ល្អិត​និង​តូចៗ ដែល​ធ្លាក់​រាយប៉ាយ លើ​កំណាត់​ផ្លូវ​នោះ​ហើយ និង​ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ​ទៅមក​បាន​។​

​ជាមួយគ្នា​នោះ​ដែរ អាជ្ញាធរខេត្ត ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ និង​អ្នកធ្វើដំណើរ​ទៅមក ដែលមាន​បំណង​ឡើង ទៅកាន់​ច្រក​អានសេះ​នោះ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ឲ្យ​បានជា​និច្ច ក្រែង​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ពី​គ្រោះធម្មជាតិ​នេះ​៕