សង្គម

សាលាក្តីខ្មែរក្រហមគ្រោងនឹងបញ្ចប់សំណុំរឿងចុងក្រោយនៅត្រឹមចុងឆ្នាំនេះ

ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល សម្រាប់ទ្រទ្រង់ដំណើរការកាត់សេចក្តីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅកាត់ថា សាលាក្តីខ្មែរក្រហម មានប្រសាសន៍ថា រហូតមកដល់ពេលនេះ សាលាក្តីខ្មែរក្រហម បាន ដំណើរការកាត់សេចក្តី ប្រកបដោយជោគជ័យ និងជិតបិទបញ្ចប់ដំណើរការកាត់សេចក្តីហើយ ដោយគ្រោងនឹងបញ្ចប់សំណុំរឿងចុងក្រោយរបស់ខ្លួននៅត្រឹមត្រីមាសទី៤ ឆ្នាំ២០២២នេះ។

ការអះអាងបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃបណ្តាប្រទេសផ្តល់ជំនួយសំខាន់ៗ ប្រមាណ១០ប្រទេសរួមមាន៖ អូស្ត្រាលី សហភាពអឺរ៉ុប បារាំង ជប៉ុន ស៊ុយអែត អង់គ្លេស និងតំណាងទូតមួយចំនួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកក្កដា។

ឯកឧត្តម ប៊ិន ឈិន បានបន្ថែមថា សាលាក្តីខ្មែរក្រហម នៅមានការងារសេសសល់សំខាន់ៗចំនួនពីរទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យអនុវត្តបន្តរួមមាន៖ ទី១. ការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងកាត់សេចក្តីរបស់សាលាក្តីខ្មែរក្រហម ដោយត្រូវរក្សាទុកឱ្យអនុលោមទៅតាមស្តង់ដារអន្តរជាតិ និងអនុញ្ញាតឱ្យសាធារណជនអាចចូលពិនិត្យមើលនិងសិក្សាបាន យ៉ាងទូលំទូលាយ និងទី២. ការងារអប់រំ និងផ្សព្វផ្សាយស្តីពីសមិទ្ធផលរបស់សាលាក្តីខ្មែរ ក្រហម ដោយសារវាមានសារសំខាន់ដែលគប្បីជំរុញអនុវត្តឱ្យកាន់តែទូលំទូលាយដល់សាធារណជន និងអ្នកស្រាវជ្រាវជាតិ-អន្តរជាតិ ព្រមទាំងលើកកម្ពស់ការងារកេរដំណែលរបស់សាលាក្តីខ្មែរក្រហមឱ្យកាន់តែមានលក្ខណៈរឹងមាំ ដើម្បីបន្តអប់រំដល់មនុស្សជំនាន់ក្រោយ ក្នុងគោលដៅទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍នៅកម្ពុជា ក៏ដូចជានៅលើសកលលោក។

គណៈប្រតិភូនៃបណ្តាប្រទេសផ្តល់ជំនួយ បានប្តេជ្ញាបន្តគាំទ្រកិច្ចសហការក្នុងដំណើរការរបស់តុលាការដែលនៅសេសសល់ នេះ ទាំងការគ្រប់គ្រងបណ្ណសារ ការផ្សព្វផ្សាយ រួមទាំងការរក្សាកេរដំណែលរបស់តុលាការ សំដៅធ្វើយ៉ាងណាឱ្យសាលាក្តីខ្មែរក្រហមសម្រេចបានជោគជ័យ ដោយការបិទបញ្ចប់កិច្ចការរបស់ខ្លួននៅចុងឆ្នាំ២០២២នេះ ប្រកបដោយកិត្តិយស៕