(បាត់ដំបង) ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះពលរដ្ឋជាង ១០ខ្នង កាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយ គេបានឃើញផ្សែង និងអណ្តាតភ្លើងកួចខ្មួលខ្មាញ់ ចេញពីផ្ទះលក់គ្រឿងសង្ហារឹម និងលក់ពូកដែលម្ចាស់ឈ្មោះ អៀ អេងហុង ភេទប្រុស អាយុ ៧០ ឆ្នាំ ហើយក៏ឆេះយ៉ាងសន្ធោសន្ធៅខ្លាំងឡើងៗ រហូតរាលឆ្លងទៅដល់ផ្ទះរបស់ប្រជាពលរដ្ឋ នៅជិតខាងគ្នាថែមទៀត សរុបអស់ចំនួន ១២ ខ្នង ត្រឹមរយ:ពេលខ្លី។
តែយ៉ាងណាគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានមនុស្ស រងរបួសឬប៉ះពាល់ដល់អាយុជីវិតនោះទេ ។ ដោយឡែកមូលហេតុពិតប្រាកដ នៃគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចជំនាញនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយដែរ ដោយកម្លាំងជំនាញ កំពុងបន្តការស្រាវជ្រាវ ។
គ្រោះថ្នាក់ដោយសារអគ្គិភ័យនេះ នគរបាលពន្លត់អគ្គិភ័យ បានអន្តរាគមន៍ចុះពន្លត់ ដោយបានប្រើប្រាស់រថយន្ត ជិត ២០គ្រឿង ប៉ុន្តែដោយសារអំណាចភ្លើង បានឆេះលឿនពេក ទើបមិនអាចគ្រប់គ្រងបានទាន់ពេលវេលា៕