សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី១ ខែកក្កដានេះ ពីខេត្តបន្ទាយមានជ័យមកថា សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ដែលមានអាខោន TikTok ឈ្មោះ អ៊ូខុង ក្រោយពីបានផ្សព្វផ្សាយបំពុលថា មានករណីស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តកោះកុងកាលពីម្សិលមិញ ។ បុរសខាងលើនេះ រស់នៅ ក្នុងខេត្តត្បូងឃ្មុំ ។
សម្តេចតេជោ ព្រមានថា បើចេញផ្សាយបំផុលមួយ ចាប់ខ្លួនមួយ ដោយគ្មានការលើកលែងឡើយ នរណាក៏ដោយដែលយកបញ្ហាកូវីដ-១៩មកលេងសើច នឹងត្រូវចាប់ខ្លួន។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានប្រកាសពីការឆ្លងជំងឺកូវីដ១៩សារជាថ្មីម្តងទៀត កាលពីថ្ងៃទី២៨ មិថុនា កន្លងទៅនេះ ក្រោយពីគ្មានការឆ្លងអស់រយៈពេលប្រមាណជាង៥០ថ្ងៃ។ យ៉ាងណាក៏ដោយ បើតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី កម្ពុជាគ្មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ហើយអ្នកជំងឺដែលត្រូវព្យាបាលនៅមន្ទីរពេទ្យក៏គ្មានផងដែរ ដោយអ្នកឆ្លងថ្មីៗនេះ គឺគេធ្វើការព្យាបាលនៅផ្ទះដោយខ្លួនឯង ព្រោះជាករណីស្រាល៕