កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ចំនួន ១៥ទីតាំង និងបានឃាត់មនុស្សចំនួន ៣១នាក់ រួមទាំងវត្ថុតាងជាច្រើន ផងដែរ។ ការបង្ក្រាបនេះ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នេះបេីយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វេីឡេីងតាំងពីថ្ងៃទី២៣ដល់២៥ ខែមិថុនា ដោយបានចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច្ចនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបន្តបន្ទាប់។ ក្នុងនោះផងដែរ សមត្ថកិច្ចក៏បានអញ្ជើញអ្នកលក់បារីអេឡិចត្រូនិចចំនួន ១២នាក់(ស្រី៣) និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិចចំនួន៨នាក់(ស្រី១) ទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឍប់ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិច្ចនេះទៅទៀត៕