សង្គម

ឯកឧត្តម ប្រាក់ សុខុន ទៅ​កាន់ប្រទេ​សមីយ៉ាន់ម៉ា​ជាលើកទី២

ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា និងក្នុង​នាម​ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាជាលើកទី២ រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។

បើ​យោង​តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​កម្ពុជា ដំណើរទស្សនកិច្ចលើកទី២របស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា គឺធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តការព្រម​ព្រៀង​ជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផលនៃ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយ​ផលសម្រាប់ដំណើរ​ការសន្ទនា​នយោបាយ​ប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ។​

គួរ​បញ្ជាក់ដែរថា មុន​ដំណើរទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្តម ប្រាក់ សុខុន ក៏បាន​ផ្ញើលិខិតជូនដល់​ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃមីយ៉ាន់ម៉ា ស្នើឲ្យសម្របសម្រួលបញ្ជូនលោកស្រី អ៊ុងសាន ស៊ូជី មេអតីតដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានផ្ទេរទៅឃុំខ្លួននៅពន្ធនាគារកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឲ្យទៅឃុំខ្លួននៅគេហដ្ឋាន​ដែលជាទីកន្លែងឃុំខ្លូនលោកស្រីពីមុនវិញ​។ ឯកឧត្តម​បានផ្ញើសំណើនេះ ដោយសារព្រួយបារម្ភពីសុខភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី៕