សង្គម

សំណង់គ្មានច្បាប់សង់លើដីចំណីស្ទឹងសង្កែក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង កំពុង​ដំណើរការយ៉ាងរលូន មិនរំខានដល់អាជ្ញាធរពាក់ព័ន្ធឡើយ!!!

(បាត់ដំបង) ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យ​អង្គភាពសារព័ត៌មានពេញចិត្តមេឌា ដឹងថា សំណង់អគារ​ដ៏​រឹងមាំមួយ​មានកំពស់រហូត​ទៅ​ដល់​៤ជាន់ ត្រូវ​គេ​សង់​ឡើង​ដោយ​យក​ដីចំណីស្ទឹងសង្កែ​ស្ថិត​ក្នុង​ភូមិ​ឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុង​បាត់ដំបង ដោយ​គ្មានអាជ្ញាធរ​ចុះពិនិត្យ និង​ហាមឃាត់នោះ​ឡើយ បើទោះ​ជា​គេដឹងថា ការរំលោភយកដីចំណីស្ទឹង​គឺជា​រឿង​ខុស​ច្បាប់​ក៏​ដោយ។

ករណីនេះ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា អាជ្ញាធរនិងមន្ត្រីជំនាញ ក្រុងបាត់ដំបង អាចមានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នង បានជាមិនមានវិធានការទប់ស្កាត់បែបនេះ។

យ៉ាងណាក៏ដោយ លោក ផេង សុទ្ធី អភិបាលក្រុងបាត់ដំបង មិន​បានថ្លែង​អ្វី​ឡើយ​នៅពេល​ធ្វើ​ការ​សម្ភាសន៍ ដោយ​លោក​បានរុញ​ទៅឲ្យ​សួរលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកដែលជាម្ចាស់សំណង់រឹងមាំកំពស់៤ជាន់នេះ។

លោក ឡុង ផលគុណ ដែលជាម្ចាស់សំណង់អគាររឹងមាំនេះ បានថ្លែងតាមទូរស័ព្ទថា «សម្រាប់ដីដែលគាត់កំពុងតែសាងសង់អាគារសំណង់រឹងមាំនេះ គឺមានប្លង់រឹងចុះជាប្រពន្ធ័ត្រឹមត្រូវ ហើយការសាងសង់សំណង់រឹងមាំនេះ គឺលោកបានរត់ច្បាប់សុំការសាងសង់ ទៅខាងដែនដីនគរ រូបនីយកម្មសំណង់នៅភ្នំពេញ ជិតមួយឆ្នាំហើយ ហើយខាងមន្ទីរសូរិយោដីនគរូបនីយកម្មសំណង់ ខេត្តបាត់ដំបង បានអនុញ្ញាតឱ្យគាត់សាងសង់បណ្ដើរៗទៅ ហើយបើចង់ដឹងច្បាស់ សុំឱ្យទៅជួបប្រធានមន្ទីរសូរិយោដី ទៅ ព្រោះឯកសារនៅខាងមន្ទីរសូរិយោដីខេត្តទាំងអស់»។

លោក អ៊ួ ដារី ប្រធានមន្ទីរសុរិយោដីខេត្តបាត់ដំបង មិនបានឆ្លើយ​ចំពោះ​ករណីនេះ​ទេ ដោយបង្វែរឲ្យ​ទាក់ទងទៅលោក វត្ថា ប្រធានការិយាល័យសំណង់។ លោក វត្ថា ប្រធានការិយាល័យសំណង់ បានឆ្លើយមកកាន់អង្គភាពសារព័ត៌មានពេញចិត្តមេឌា ដោយលោកបានបញ្ជាក់ថា ដីទីតាំងនោះ គេមានប្លង់រឹង ឯងខាងលោកក៏មិនដែលបានចុះទៅត្រួតពិនិត្យដែរ ព្រោះម្ចាស់សំណង់ គេបានសុំច្បាប់ទៅខាងក្រសួងដែនដី ហើយខាងក្រសួង ក៏មិនទាន់បានទម្លាក់ឯកសារមកឲ្យពួកគាត់ដែរ។ ចុងបញ្ចប់លោកបានបញ្ជាក់បន្ថែមថា កាដ្ឋានសំណង់នោះ ខាងក្រសួងក៏ធ្លាប់បានចុះមកត្រួតពិនិត្យម្ដងរួចមកហើយ ពាក់ព័ន្ធនឹងការសាងសង់សំណង់រឹងនេះ ដោយមិនទាន់មានច្បាប់អនុញ្ញាត ម្ចាស់សំណង់អាចសាងសង់បាន ដោយសារតែការស្នើសុំច្បាប់នោះមានរយៈពេលយូរពេក។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋនិងមហាជន បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យនិងមានវិធានការតាមផ្លូវច្បាប់ ចំពោះសំណង់គ្មានច្បាប់សាងសង់ លើដីចំណីស្ទឹង មួយកន្លែងខាងលើនេះផង៕

ដោយ:សុិន ខ្វាន់ឆា

ទំនាក់ទំនងព័ត៌មាន:010840732/061881299