អាជ្ញាធរក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ព្រមានថានឹងដកហូតសម្ភារៈពីក្រុមអ្នកលក់ដូរចល័តបែបអាណាធិបតេយ្យ បើនៅតែបើកកន្លែងហូបចុកបែបអាណាធិបតេយ្យ មិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ។
ក្នុងលិខិតមួយ អាជ្ញាធរក្រុងព្រះសីហនុ បានជម្រាបទៅកាន់បងប្អូនអ្នកលក់ដូរចល័តថា ឆ្នេរសមុទ្រគឺសម្រាប់ប្រជាពលរដ្ឋទូទៅមកសម្រាកលេងកម្សាន្ត មិនមែនជាទីតាំងបើកកន្លែងហូបចុកអនាធិបតេយ្យពេញឆ្នេរបែបនេះទេ។ ដូច្នេះសូមបញ្ឈប់ការដាក់តុ ដាក់កៅអី និងដាក់ចង្ក្រានដាំស្លម្ហូបអាហារនៅលើឆ្នេរ យ៉ាងយូរត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះតទៅ ដើម្បីថែរក្សាបរិស្ថាន សណ្ដាប់ធ្នាប់ និងសោភ័ណភាពឆ្នេរសមុទ្រ។
អាជ្ញាធរក្រុងព្រះសីហនុ រំពឹងថា បងប្អូនអ្នកលក់ដូរចល័តទាំងអស់ នឹងចូលរួមសហការអនុវត្តតាមការណែនាំទាំងអស់គ្នា។ ករណីនៅតែបន្តលក់ និងមិនស្ដាប់តាមការណែនាំ អាជ្ញាធរនឹងសហការជាមួយមន្ទីរពាក់ព័ន្ធ ចុះអនុវត្តវិធានការរដ្ឋបាល ចាប់យកសម្ភារៈទាំងអស់នោះ ដោយមិនប្រគល់ជូនវិញឡើយ៕