រថយន្តប្រភេទតូយ៉ាតាព្រូសមួយគ្រឿងបានដាច់ជាពីរកំណាត់ ខណៈអ្នកបើកបរផ្លោងស្លាប់ និងអ្នករួមម្នាក់រងរបួសធ្ងន់ ក្រោយរថយន្តនោះបានបើកទៅបុកនឹងរង្វង់មូល និងស្តុប ស្ថិតនៅចំណុចស្តុបព្រះបាទជ័យវរ្ម័ន្នទី៧ ក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប កាលពីវេលាម៉ោងប្រមាណជិត៤ទៀបភ្លឺថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។
រថយន្តដែលគ្រោះថ្នាក់នោះ ពាក្យស្លាកលេខ ភ្នំពេញ 2AZ-8122 បើកបរដោយឈ្មោះ ទី សុធា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ចំណែកអ្នករួមដំណើរជាមនុស្សស្រី មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
តាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា រថយន្តគ្រោះថ្នាក់នេះបានធ្វើដំណើរនៅក្នុងទិសដៅពីកើតទៅលិច ហើយក៏បានទៅបុករង្វង់មូល និងបង្គោលស្តុប បណ្តាលឲ្យរថយន្តដាច់ជាពីរកំណាត់ ហើយអ្នកបើកបរបានផ្លោងចេញពីរថយន្តចូលក្នុងរបងដីឡូត៌ចំងាយ២០ម៉ែត្រស្លាប់ភ្លាមៗ ខណៈអ្នករួមដំណើរត្រូវបានជួយសង្រ្គោះ ដោយដឹកយកទៅកាន់មន្ទីរពេទ្យស៊ីងរិទ្ធីរ៉េត។
យ៉ាងណាក៏ដោយ ក្រោយកើតហេតុនគរបាលចរាចរ បានចុះមកធ្វើការវាស់វែង ប្រគល់សាកសពឲសាច់ញាតិចំណែកវត្ថុតាង(រថយន្ត)នាំរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការខេត្តសៀមរាប៕