ជីវិតកម្សាន្ត

វត្ថុ​បុរាណចំនួន២៧ ដែលអាជ្ញាធអាមេរិកចាប់បាន ត្រូវ​បញ្ជូនមកដល់កម្ពុជាវិញហើយ

សម្បត្តិវប្បធម៌​ខ្មែរ​ចំនួន ២៧រូប ដែលរឹបអូស​បាន​ដោយ​ការិយាល័យ​រដ្ឋអាជ្ញា នៃសង្កាត់​ម៉ានហាថាន ក្រុងញូវយ៉ក និង​ការិយាល័យ​ស៊ើបអង្កេតសន្តិសុខមាតុភូមិ​សហរដ្ឋអាមេរិក ត្រូវ​បាន​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២២។ នេះ​បើយោង​តាម​សេចក្តី​ជូនព័ត៌មាន​របស់ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានបញ្ជាក់ថា សម្បត្តិវប្បធម៌ខ្មែរ​ទាំងនេះ គឺជា​ព្រលឹងរបស់បុព្វបុរស​ខ្មែរ​ជាច្រើន​ជំនាន់ និង​តំណាង​ឲ្យ​អរិយធម៌ដ៏​រុងរឿង នៃប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបាន​រសាត់ចាកឆ្ងាយពីមាតុភូមិ​កំណើត​អស់​ជាច្រើនឆ្នាំមកហើយនាសម័យ​សង្រ្គាម និង​អសន្តិសុខកន្លងមក។

ក្នុងនាមតំណាង​រាជរដ្ឋាភិបាលកម្ពុជា និង​ក្នុង​នាមថ្នាក់ដឹកនាំក្រសួងវប្បធម៌ លោកជំទាវ​បានថ្លែង​អំណរគុណ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ការ​ខិតខំ​ប្រឹងប្រែង​ពីសំណាក់ស្ថាប័នពាក់ព័ន្ធ​នានា​របស់សហរដ្ឋអាមេរិក ជាពិសេសការិយាល័យរដ្ឋអាជ្ញា នៃសង្កាត់ម៉ានហាថាន ក្រុងញូយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រមទាំង​ក្រសួងស្ថាប័ននានា​របស់កម្ពុជា និង​ក្រុមការងារ នៃក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ដែលបានជួយ​ក្នុង​ការ​ស្រាវជ្រាវ និង​បញ្ជូន​រតនសម្បត្តិ​ទាំងនេះត្រឡប់​មក​កម្ពុជាវិញ។

ឆ្លៀតក្នុង​ឱកាសនេះ លោកជំទាវក៏បានអំពាវនាវ​ដល់សារមន្ទីរនានា ក៏​ដូចជាអ្នក​កាន់កាប់សមច្ច័យឯកជន​នៅទូទាំងពិភពលោក សូមចូលរួមសហការ និង​ប្រគល់សម្បត្តិវប្បធម៌​ដែលជា​អត្តសញ្ញាណជាតិខ្មែរ ត្រឡប់​មក​ប្រទេសកំណើតវិញ៕