ឆ្លើយតបទៅនឹងចម្ងល់ដែរថា ការចាក់ដូសជំរុញពីដូសទី៤ ទៅដូសទី៥ មានគន្លាតត្រឹមតែ៣ខែ ខណៈកាលពីមុនគម្លាតនៃការចាក់ដូសជំរុញមានរយៈពេល៤ខែនោះ លោកជំទាវ ឱ វណ្ណឌីន មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការផ្លាស់ប្តូរនេះ គឺដោយសារតែការវិវឌ្ឍន៍នៃមេរោគកូវីដ១៩ ដែលវាបានបំប្លែងខ្លួនជាបន្តបន្ទាប់ និងធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងធ្លាក់ចុះលឿន។
លោកជំទាវបានលើកឡើងថា មានការរកឃើញវីរុសបំប្លែងថ្មីអូមីក្រុង បានបង្កើតកូនចៅ៦ឬ៧ជំនាន់រួចទៅហើយ។ ពពួកបំប្លែងថ្មីទាំងនេះ មិនត្រឹមតែចម្លងលឿនជាងមុនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យប្រព័ន្ធភាពស៊ាំធ្លាក់ចុះលឿនផងដែរ។ ដូច្នេះហើយទើបមានការណែនាំពីអង្គការសុខភាពពិភពលោក ឱ្យចាក់ដូសជំរុញទី៥ ចាប់ពី៣ខែឡើងទៅ។
យ៉ាងណាក៏ដោយ លោកជំទាវ ឱ វណ្ណឌីន ក៏បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភចំពោះគម្លាត៣ខែនៃការចាក់វ៉ាក់សាំងដូសទី៥នេះ។
ជាមួយគ្នានេះ លោកជំទាវ ឱ វណ្ណឌីន ក៏បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ បន្តទៅចាក់វ៉ាក់សាំង ដោយអះអាងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ គឺដើម្បីបន្តទប់ទល់ការវាយលុកពីកូវីដ-១៩៕