សង្គម

សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀន ៤គោលដៅ រឹបអូសគ្រឿងញៀនជាង ៥៤គីឡូក្រាម និងចាប់ខ្លួនជនសង្ស័យ ២នាក់

សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សាន សុទ្ធី, លោកឧត្តមសេនីយ៍ត្រី គឹម តូ នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ហាស់ សំអូន នាយរងការិយាល័យ(ក៥) ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៥៤គីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់អគ្គស្នងការនគរបាលជាតិថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

ការចុះស្រាវជ្រាវត្រូវបានអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនការប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤និង១៥នាទី។

ការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅគោលដៅទាំង៤រួមមាន៖ គោលដៅទី១៖ នៅចំណុច ភ្លើងស្តុបកោសដូង ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងគ្រឿងញៀនហេរ៉ូអ៊ីន ៧គីឡូនិង២៦.២ក្រាម។ គោលដៅទី២៖ នៅចំណុច ផ្លូវ៣៤៥ ស្ថិតនៅក្នុងភូមិទំនប់ទី១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឃាត់រថយន្ត FORD RANGER ១គ្រឿង ជនសង្ស័យ១នាក់ និងមេតំហ្វេតាមីន(ICE) ៣២គីឡូនិង៩៦៣.៧ក្រាម, កេតាមីន១៣គីឡូ និង៨ក្រាម។

រីឯគោលដៅទី៣៖ ឆែកឆេរផ្ទះជួល T ១០៧.៣. នៅចំណុច ផ្លូវលេខ២ ក្នុងបូរីកាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ចាប់យកវត្ថុតាង មេតំហ្វេតាមីន(ICE)៦៨៨.៨៦ក្រាម និងគោលដៅទី៤៖ ឆែកឆេរបន្ទប់ជួលលេខ១៨២៥ អាផាធឺមែនប៉ាវលី នៅ ផ្លូវលេខ១៣៩ សង្កាត់វាលវង្ស ខណ្ឌ៧មករា ចាប់យកវត្ថុតាង មេតំហ្វេតាមីន(ICE)៤១៧.៣៥ក្រាម, ថ្នាំគ្រាប់មេតំហ្វេតាមីន១៦៤.២១ក្រាម, ម្សៅកេតាមីន ២១២.៨៥ក្រាម និងម្សៅមិនច្បាស់១៩៣ក្រាម។

សរុបលទ្ធផល ឃាត់ខ្លួនជនសង្ស័យ ២នាក់៖ ១-ឈ្មោះ ប៉ាវ ជាំង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ចិន, ២-ឈ្មោះ ត្រាវ រិទ្ធារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ។ ចាប់យកវត្ថុតាង៖ សារធាតុញៀន ៥៤គ.ក្រ ៤៨១.១៧ក្រាម និងសារធាតុមិនច្បាស់ ១៩៣ក្រាម, ហេរ៉ូអ៊ិន(HEROIN)ទម្ងន់ ៧ គ.ក្រ ២៦.២ក្រាម, មេតំហ្វេតាមីន((ICE)ទម្ងន់ ៣៤ គ.ក្រ ២៣៤.១២ក្រាម, កេតាមីន(KETAMINE)ទម្ងន់ ១៣ គ.ក្រ ២២០.៨៥ក្រាម, សារធាតុមិនច្បាស់ទម្ងន់ ១៩៣ក្រាម។ សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕