សង្គម

រថយន្តចង្កូតសាំ្តដែលមិនទាន់បង់ពន្ធចាប់ពីថ្ងៃទី១កក្កដា ពេលបង្រ្កាបបាន គយនឹងកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់

យោង​តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ រថយន្តចង្កូតស្តាំដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់ តាមនីតិវិធីជាធរមាន។

ជាមួយ​គ្នា អគ្គនាយកដ្ឋានគយ ក៏​បានរំលឹក​ដល់ម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធនិងអាករ ឬតម្កល់ប្រាក់កក់ ឱ្យបានទាន់ថ្ងៃឱសានវាទ។ ចំណែករថយន្តចង្កូតឆ្វេង [គ្មានពន្ធ] ដែលបង្ក្រាបបាន នឹងតម្រូវឱ្យបង់ពន្ធនិងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមានផងដែរ។ សូមបញ្ជាក់ថា ការរំឭកដល់ម្ចាស់រថយន្តអំពីវិធានការបង្ក្រាបនេះ ធ្វើឡើងនៅមុនពេលដែលយុទ្ធនាការប្រមូលពន្ធនិងអាករនាំចូលលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងត្រូវបញ្ចប់ត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីឆ្នាំ២០២១ បានបញ្ជាឱ្យគ្រប់ក្រសួង និងស្ថាប័ន ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ និងគោលនយោបាយហាមឃាត់ការនាំចូល និងប្រើប្រាស់រថយន្ត​ចង្កូតស្តាំ (លើកលែងតែមានការអនុញ្ញាត ពីរាជរដ្ឋាភិបាលជាលក្ខណៈពិសេស ដូចជារថយន្តពន្លត់អគ្គិភ័យ រថយន្តដឹកសំរាម ជាដើម) ដោយមិនត្រូវពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ក្នុងទម្រង់ណាមួយ ក្នុងការទទួលស្គាល់រថយន្តចង្កូតស្តាំ ដែលជា​ប្រភេទ​រថយន្តខុសច្បាប់។

ក្នុងករណីរកឃើញបុគ្គលដែលមានការពាក់ព័ន្ធបុគ្គលនោះ ត្រូវទទួលរងទោសទណ្ឌ​តាមច្បាប់ជាធរមាន។ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ត្រូវគាំទ្រកម្លាំងរបស់គយ ក្នុងការទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធរថយន្តចង្កូតស្ដាំ ចូលមកកម្ពុជា។ ចំពោះរថយន្តចង្កូតស្តាំ មានស្រាប់ក្នុងស្រុកជាលើកចុងក្រោយ ទទួលបានការអនុញ្ញាតឱ្យបង់ពន្ធ និងអាករនាំចូល តែត្រូវកែចង្កូតពីស្តាំ មកឆ្វេង ដើម្បីឱ្យស្របច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីនោះ រថយន្តចង្កូតស្តាំ ដែលត្រូវបង្ក្រាបបាន នឹងតម្រូវឱ្យដោះបំបែកជាគ្រឿង បន្លាស់ ឬកម្ទេចចោល៕