សង្គម

កាសុីណូរបស់ឧកញ៉ា លឹម ហេង បេីកដៃឲ្យខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង បំពានបំរាមរាជរដ្ឋាភិបាល

ឧត្ដរមានជ័យ: ជារាងរាល់ថ្ងៃ គេសង្កេតឃើញខ្មែរនាំគ្នាចូលលេងយ៉ាងពពាក់ពពូន នៅក្នុងកាសុីណូនេះ រហូតអ្នកខ្លះចាញ់បោសគូទខោ លក់អស់ដីធ្លីផ្ទះសម្បែង ឬរហូតរត់ចោលស្រុក ព្រោះខ្មាស់គេពេក។ បុរសម្នាក់ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ព្រោះខ្មាសគេពេក បានលើកឡើងថា កន្លងមក លោកធ្លាប់លង់ចាញ់ល្បែងក្នុងកាសុីណូខាងលើ ហើយសម្រេចចិត្តលក់ដីធ្លីផ្ទះសម្បែង ដើម្បីបានលុយចូលលេងស្រង់ដើមនៅក្នុងកាស៊ីនេះ ប៉ុន្តែនៅតែចាញ់ងើបមុខមិនរួចដដែល។

អ្នកចាញ់ល្បែងរូបនេះ បាននិយាយទៀតថា មិនមែនត្រឹមតែរូបលោកម្នាក់ឯងទេ ដែលលង់ខ្លួនចាញ់ល្បែងក្នុងកាសុីណូ ឈ្មោះ សាង៉ាំ រីស៊ត គឺមានពលរដ្ឋជាច្រើននាក់ទៀត ខ្លះលក់អស់ទ្រព្យសម្បត្តិ អស់ពីខ្លួន ព្រាត់ប្រាសក្រុមគ្រួសារ និងរត់ចោលស្រុកទៅធ្វេីការនៅប្រទេសគេ ដោយសារចាញ់ល្បែងច្រើនពេក នៅក្នុងកាស៊ីណូខាងលើនេះ។

ម្ចាស់កាស៊ីណូខាងលើត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់លោកឧកញ្ញា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលគ្រាន់តែក្នុងខេត្តឧត្តមានជ័យ លោកមានកាសុីណូរហូតទៅដល់បីកន្លែង។ អ្នកកិច្ចការផ្នែកកាស៊ីណូ ក្នុងខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា កាស៊ីណូរបស់លោកឧកញ៉ា លឺម ហេង ដែលបើកដៃឲ្យខ្មែរចូលលេងតាមតែអំពើចិត្ត មានស្ថិតជាប់ព្រំដែនកម្ពុជា-ថៃ ជប់គគី, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងច្រកទ្វារអន្តរជាតិ ជាំសាងាំ។

អ្នកបានដឹងសាច់រឿងច្បាស់ អំពីកាស៊ីណូ បានរៀបរាប់ថា ចាប់តាំងពីកាសុីណូខាងលើបើកដំណើរការ គេសង្កេតឃើញជនជាតិខ្មែរចូលលេងជារៀងរាល់ថ្ងៃ ខុសពីសេចក្តីជូនដំណឹង (ស.ជ.ណ) របស់ទីស្តីការគណ:រដ្ឋមន្រ្តី។ ស.ជ.ណ របស់គណៈរដ្ឋមន្ត្រីបានកំណត់ថា ក្នុងវង់ល្បែងកាសុីណូនីមួយៗ គឺបេីកទទួលភ្ញៀវឲ្យចូលលេងតែជនបរទេសតែប៉ុណ្ណោះ ហេីយដាក់កំហិតមិនឲ្យខ្មែរ ចូលលេងជាដាច់ខាត។ ចំពោះករណីវង់ល្បែងបំពានបំរាមរបស់រាជរដ្ឋាភិបាលខាងលើនេះ អង្គភាពសារព័ត៌មានពេញចិត្តមេឌា មិនអាចសុំការបកស្រាយពីតំណាងបានឡើយ ជាពិសេសលោកឧកញ៉ា លឹម ហេង ដែលជាម្ចាស់ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា៕

ដោយ:សុិន ខ្វាន់ឆា

ទំនាក់ទំនងព័ត៌មាន:010840732/061881299