រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចសម្ភាសន៍មួយជាមួយវិទ្យុចិន កាលពីពេលថ្មីៗនេះ បានលើកឡើងអំពីគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តភ្ជាប់រវាងកម្ពុជា និងវៀតណាម និងគម្រោងផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញទៅក្រុង ហូជីមិញ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា នេះជាគម្រោងដ៏ធំមួយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គម្រោងសិក្សាការដឹកជញ្ជូនផ្លូវទឹកទន្លេបាសាក់ ពីភ្នំពេញឆ្ពោះត្រង់ទៅកាន់សមុទ្រកម្ពុជា ដែលអាចផ្ដល់ផលចំណេញយ៉ាងច្រើនកាត់ បន្ថយពេលវេលា កាត់បន្ថយតម្លៃដឹកជញ្ជូន និងនីតិវិធីគ្រប់បែប។
ទាក់ទងនឹងជំនួយរបស់ចិនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ លោក ស៊ុន ចាន់ថុល បានសម្ដែងនូវការស្វាគមន៍ចំពោះជំនួយជាប្រាក់កម្ចីសម្បទាន ការប្រាក់ទាបរបស់មិត្តចិន ដែលអនុញ្ញាតឱ្យកម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនខ្វាត់ខ្វែងគ្រប់ទីកន្លែងទាំងអស់ ដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋធូរធារ និងល្អជាងមុន សេដ្ឋកិច្ចជាតិមានការរីកចម្រើន អនុញ្ញាតឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០ និងបានបង្ហាញ ជំនឿយ៉ាងមុតមាំថា មិត្តចិននឹងនៅបន្តផ្ដល់ជំនួយឥតសំណង ក៏ដូចជាប្រាក់កម្ចីការប្រាក់ទាប ដើម្បី អនុវត្តគម្រោងកសាងផ្លូវ ស្ពាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។
លោកទេសរដ្ឋមន្ត្រី បានបង្ហាញ អំពីគម្រោងប្រាំឆ្នាំរំកិលដែលបានដាក់ស្នើទៅមិត្តចិន ក្នុងនោះរួមមាន៖ គម្រោងសាងសង់ផ្លូវបាត់ដំបង-សៀមរាប គម្រោងសាងសង់ផ្លូវកំពង់ធំ-កំពង់ឆ្នាំង គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ម៉ុកបៃ (ព្រំដែនវៀតណាម) គម្រោងសិក្សា ធ្វើទំនើបកម្មផ្លូវដែកកម្ពុជា និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដូចជា៖ គម្រោងសិក្សារថភ្លើងក្រោមដី ប្រព័ន្ធរថភ្លើងអាកាស(Monorail) និងប្រព័ន្ធរថភ្លើងគ្មានអ្នកបើក(AGT) ដើម្បីបញ្ចៀសការកកស្ទះ ចរាចរណ៍ដែលជាបញ្ហាកង្វល់ដ៏ធំក្នុងរាជធានីភ្នំពេញ ដើម្បីរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីពិនិត្យលទ្ធភាពរកថវិកាសាងសង់ជម្រើសណាមួយដែលសមស្របនឹងស្ថានភាពនៃការដឹកជញ្ជូនរបស់ កម្ពុជា៕