សង្គម

គណបក្ស​ប្រជាជន​កម្ពុជា គ្រប់គ្រង​អាសនៈឃុំ-សង្កាត់៩ពាន់អាសនៈ ខណៈគណបក្សភ្លើងទៀនជាង​២ពាន់អាសនៈ

តាមអ្នកសង្កេត នៃការ​រាប់សន្លឹក​ឆ្នោត​បាន​ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាអាចគ្រប់គ្រងអាសនៈឃុំ-សង្កាត់ច្រើនជាងគេដែលមានដល់ជាង ៩ពាន់អាសនៈ ខណៈគណបក្សភ្លើងទៀន មានជាង២ពាន់អាសនៈ។

ក្នុងចំណោមគណបក្សដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ទាំង១៧គណបក្សមានតែគណបក្ស៩ប៉ុណ្ណោះដែលទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងនោះគណបក្សប្រជាជនអាចទទួលបាន ៩ ៣៣៩អាសនៈ គណបក្សភ្លើងទៀនប្រហាក់ប្រហែល ២ ១៩២អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិចអាចទទួលបាន ១៩អាសនៈ គណបក្សខ្មែររួបរួមជាតិប្រមាណ ១៣អាសនៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រមាណ ៦អាសនៈ គណបក្សខ្មែរស្រឡាញ់ជាតិអាចបាន ៥អាសនៈ គណបក្សយុវជនកម្ពុជាអាចទទួលបាន ៣អាសនៈ គណបក្សកម្ពុជានិយមអាចបាន ១អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យអាចបាន ១អាសនៈ។

សូម​បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដោយ​មាន​តំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ ក្នុងនោះ​ពលរដ្ឋដែលចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានចំនួនជិត ៧លាន ១សែននាក់ ដែលស្មើនឹងជាង ៧៧,៩១% នៃចំនួនពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៩លាន ២សែននាក់៕