សង្គម

កម្ពុជា​រកឃើញករណីសង្ស័យជំងឺអុតស្វាចំនួន៦ករណី​ តែក្រោយធ្វើតេស្តបង្ហាញថា អវិជ្ជមាន

នាយកដ្ឋានប្រយុទ្ធ និង​ជំងឺឆ្លង នៃក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា កម្ពុជា​បានរកឃើញ​ករណីសង្ស័យ​ជំងឺអុតស្វាចំនួន៦ករណី​ តែក្រោយធ្វេីតេស្តមន្ទីរពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា​ អវិជ្ជមានមេរោគជំងឺអុតស្វាទាំងអស់​ ដោយនេះ​មានន័យថា កម្ពុជា​​គ្មានជំងឺនេះក្នុងប្រទេសទេ​ រហូតមក​ដល់ពេលនេះ​ ។

ជាមួយ​គ្នា នាយកដ្ឋានប្រយុទ្ធ​និងជំងឺឆ្លង ក៏​បានបញ្ជាក់ពី ករណីសង្ស័យជំងឺអុតស្វា ដោយ​ក្នុងនោះ អ្នកជំងឺ​អាចមានកន្ទួល ឬពងបែក​ លេីដៃ​ បាតដៃ​ ជេីង​ បាតជេីង​ ឬលេីមុខ​ និងមានរោគសញ្ញា​មួយឬច្រេីនដូចជា​គ្រុនក្តៅលេីស​ ៣៨.៥​ អង្សាសេ​ ឈឺសាច់ដុំ​ ឡេីនកូនកណ្តុរ​ ឈឺក្បាល​ ឈឺខ្នង​។

ដូច្នេះ ប្រសិនបើ​បងប្អូនប្រជាពលរដ្ឋ​មានរោគសញ្ញាដូចខាងលើ សូមទៅ​ពិគ្រោះជំងឺនៅមន្ទីរពេទ្យជិតបំផុត​ ឬទូរស័ព្ទទៅលេខ​ ១១៥​ ៕