លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែមិថុនា មានពាក្យបណ្តឹងចំនួន៥០ ត្រូវបានដាក់ចូលទៅកាន់គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ហៅកាត់ថា គឃ.សប ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះ ឆ្នោត របស់គណបក្សនយោ បាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។
លោក បញ្ជាក់ថា ពាក្យបណ្តឹងទាំងនោះទាក់ទងនឹងការស្នើសុំឱ្យផ្តន្ទាទោសចំពោះអ្នកធ្វើសកម្មភាពឃោសនា ដែលជេរប្រមាថ និងប្រើពាក្យសម្តីមិនសមរម្យធ្វើឱ្យប៉ះពាល់គណបក្សផ្សេងទៀត អាជ្ញាធរមានសមត្ថកិច្ច និងការចែកថវិកាក្នុងន័យទិញសន្លឹកឆ្នោត ជាដើម ហើយភាគច្រើននៃបណ្ដឹង គឺគណបក្សប្រជាជនកម្ពុជា បានប្តឹងចំពោះគណបក្សភ្លើងទៀន។
អ្នកនាំពាក្យរូបនេះបន្តថា ក្នុងចំណោមនៃបណ្តឹងទាំងនោះមានការដោះស្រាយបានចំនួនជិត៤០ បណ្ដឹងដែរមកហើយ ខណៈបណ្តឹងផ្សេងទៀតដែលផ្សះ ផ្សាមិនទាន់ជាសះ បាននិងកំពុងការដោះស្រាយនៅគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត ហៅកាត់ គធ.ខប និងបណ្តឹងចំនួន២ បានឡើងមកដល់គ.ជ.ប ទាក់ទងនឹងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលស្នើសុំឱ្យដាក់ពិន័យចំពោះគណបក្សភ្លើងទៀន ដែលមានការចែកថវិកានៅខេត្តកំពង់ចាម ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត។
គួររំឭកថា យុទ្ធនាការឃោសនាបោះឆ្នោតនេះ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ដោយគណបក្សនយោបាយទាំង១៧ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ បានចេញធ្វើសកម្មភាពឃោសនាបោះឆ្នោតទៅតាមលទ្ធភាព និងសមត្ថភាពរបស់ខ្លួននៅតាមឃុំ សង្កាត់ ដែលខ្លួនឈរឈ្មោះបោះឆ្នោត ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៩លាន២០ម៉ឺននាក់ សម្រាប់តំណែងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ សរុប១១.៦២២នាក់ ក្នុងចំណោមចំនួន១.៦៥២ឃុំសង្កាត់៕