សង្គម

ក្រុម​ឈ្មួញនាំ​ជ្រូក​ចូលពីវៀតណាមគ្មាន​ច្បាប់​ បើកឡាន​ដេញ​បុក​សមត្ថកិច្ច

កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវបាន​ឈ្មួញ​នាំ​ជ្រូក​ចូល ដោយ​គ្មាន​ច្បាប់ ពី​ប្រទេស​វៀតណាម បើកឡាន​ដេញ​បុក ប៉ុន្តែ​ពុំមាន​គ្រោះថ្នាក់​អ្វី​ដល់ មន្ត្រី​សមត្ថកិច្ច​ឡើយ គ្រាន់តែ​កំពិត​គូថ​រថយន្តប៉ុណ្ណោះ។ ហេតុការណ៍​នេះបានកើត​ឡើង​កាលពីយប់រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២២ នៅលើ​ផ្លូវលំ ស្ថិត​ក្នុង​ភូមិ​ស្ទឹងតូច ឃុំ​កក ស្រុក​ពញាក្រែក ខេត្ត​ត្បូង​ឃុំ។​

សូម​បញ្ជាក់ថា នៅមុនពេល​កើតហេតុ ក្រុមការងារ​អន្តរាគមន៍ បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ មន្ទីរ​កសិកម្ម ខេត្ត​ត្បូងឃ្មុំ ដោយ​មានការ​សម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្តត្បូងឃ្មុំ បានចុះ​ស្ទាក់ចាប់​រថយន្ត ១​គ្រឿង ម៉ាក សាង​យ៉ុង អ៊ី​ស្តា​ណា (Ssangyong istana) ពណ៌​ស ជា​ប្រភេទ​រថយន្ត​ដឹក​ឣ្ន​ក​ដំណើរ ១៥​កៅ​ឣី គ្មាន​ស្លាក​លេខ ដឹក​សត្វ​ជ្រូក​រស់ ចំនួន ៣២ ក្បាល ដោយ​គ្មាន​លិខិតអនុញ្ញាតចូល​ពី​ប្រទេស​វៀតណាម មកកាន់​ប្រទេស​កម្ពុជា តាម​ច្រករបៀង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បម្រុង​នឹង​យកទៅ​ចែកចាយ នៅ​ក្រុង​សួង ។

​នៅពេលដែល​សមត្ថកិច្ច ឃាត់​នោះ ​អ្នកបើករថយន្ត នាំ​សត្វ​ចូល ដោយ​គ្មាន​ច្បាប់ មិន​ត្រឹមតែ​មិន​ព្រម​ឈប់ តាម​ការឃាត់​របស់ សមត្ថកិច្ច​ទេ ថែមទាំង​បើកឡាន​ដេញ​បុក រថយន្ត​របស់​សមត្ថ​កិច្ច​ទៀត ផង​។​

លោក ហ៊ុន សារ៉ាត់ អគ្គនាយករង នៃ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក៏​ជា​ប្រធាន​ក្រុមការងារ​បង្ក្រាប បទល្មើស​ចលនា​សត្វ បានឱ្យដឹងថា ក្រុមការងារ បាន​នាំយក​បទល្មើស និង​វត្ថុតាង​ទាំងនោះ ទៅ​រក្សាទុក នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ត្បូងឃ្មុំ ដើម្បី​យក​សំណាក ទៅ​វិភាគ តាមបែប​វេជ្ជសាស្ត្រ ថា​តើ​ជ្រូក​ទាំងនោះ មាន​ផ្ទុក​ជំងឺ​ដែរ ឬ អត់ ហើយនឹង​ដោះស្រាយ ទៅតាម​ច្បាប់ ដែល​នឹងត្រូវ​ពិន័យ ហើយ​អាច​ឈានដល់ ដុត​កម្ទេចចោល ។

ចំណែក​អ្នក​នាំ​ជ្រូក​ចូល ដោយ​គ្មាន​ច្បាប់​ខាងលើនេះ ចំនួន ៤ នាក់ ត្រូវបាន​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន ហើយ​ឃុំខ្លួន​បណ្តោះអាសន្ន និង​ចាត់ការ ទៅតាម​ច្បាប់​ជា​ធរមាន ៕