គិតមកដល់ពេលនេះ គម្រោងផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានចំនួន៧៣,៧០ភាគរយហើយ។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ នឹងសាងសង់រួចរាល់នៅខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់លោក លឹម ស៊ីដេនីន មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងដំណើរចុះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ កាលពីពេលថ្មីៗនេះ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ក្រុមការងារសាងសង់គឺនៅសល់តែការដូរទំហំការងារស្ពាននៅប្រឡាយ៩៤ និងប្រឡាយ៩៦ ការសាងសង់ស្ពានរំលងត្រង់ផ្លូវជាតិលេខ៤ ការងារផ្លូវគីឡូម៉ែត្រ ០+០០ ដល់ គីឡូម៉ែត្រ ៤+៩០០ ជាដើម។
លោករដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ក្រុមការងារបានស្វែងយល់លើការងារពិសោធន៍មួយចំនួនដែលកំពុងអនុវត្តជាក់ស្តែងក្នុងការដ្ឋានដែលក្នុងនោះរួមមាន ការធ្វើពិសោធ Benkelman Beam Test ការចាក់សំណាកគំរូបេតុងសង្កត់ ការពិនិត្យលើកម្រាស់បេតុង ការកាត់តំណបេតុង និងការថែទាំបេតុងក្រោយសាងសង់រួចជាដើម។
សូមបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងខ្សែទី៣ មានប្រវែងសរុប៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង។ ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣នេះ គឺតភ្ជាប់ពីផ្លូវជាតិលេខ៦,លេខ៥,លេខ៤,លេខ៣,លេខ២ និងផ្លូវជាតិលេខ១ តភ្ជាប់ពីចំណតផែកុងតេន័រថ្មីរបស់កំពង់ផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ។ គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣នេះ គឺចំណាយថវិកាសាងសង់ក្នុងទំហំទឹកប្រាក់២៦៣លានដុល្លារអាមេរិកដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕