សង្គម

បង្រ្កាបទីតាំងកែច្នៃគ្រឿងញៀន​៣ទីតាំងផ្សេងគ្នា រកឃើញ​គ្រឿងញៀនជាង​២០០គីឡូក្រាម និងគ្រឿងផ្សំជាង១១តោន​

បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​ អស់​រយៈពេល​ជាង​២​ខែ​រួច​មក​ កាលពីពេលថ្មីៗនេះ សមត្ថកិច្ច​​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​មន្ទីរពិសោធន៍​លួចលាក់​កែ​ច្នៃ​ផលិត​សារធាតុ​ញៀន​ នៅ​ចំនួន៣​ទីតាំង​ផ្សេង​គ្នា​នៅភ្នំពេញ និងខេត្តកំពង់ស្ពឺ រឹបអូសគ្រឿងញៀនបានជាង២០០គីឡូក្រាម​និងគ្រឿងផ្សំជាង១១តោន​ ។

របាយការណ៍របស់អគ្គស្នងការនគរបាលជាតិដែលចេញផ្សាយ​នៅថ្ងៃនេះ បាន​បញ្ជាក់ថា ប្រតិបត្តិការ​បង្ក្រាបនេះអនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម​អគ្គស្នងការ​​ និង​ឯកឧត្តម​អគ្គស្នងការ​រង​ ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​​ផ្ទាល់ ពីឯកឧត្តម​ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ កម្លាំង​ជំនាញ​”​ក​១០”​ របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​ខេត្តកំពង់ស្ពឺ​ ក្រោមការ​សម្របសម្រួល​ពីព្រះរាជអាជ្ញា​រង ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ឈានដល់ការ​បង្ក្រាប​មន្ទីរពិសោធន៍​លួចលាក់​កែ​ច្នៃ​ផលិត​សារធាតុ​ញៀន​ នៅ​ ៣​ទីតាំង​ផ្សេង​គ្នា​ជា​បន្តបន្ទាប់​។

ទីតាំង​ទី​១​​ នៅ​បន្ទប់​លេខ​៨០២​ ក្នុង​ខុន​ដូ​ J​ CITY​ ផ្លូវ​លេខ​ ៣២២​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​។​ ទីតាំង​ទី​២ នៅ​ក្នុង​ចម្ការ​ស្វាយ​ ភូមិ​តាំង​ស្រឹង​ ឃុំ​សង្កែ​សាទ​ប​ ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ និងទីតាំង​​ទី​៣ នៅ​ក្នុង​ចម្ការ​ស្វាយ​ ភូមិ​ស្រល់​ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​។

ប្រតិបត្តិការនេះមន្ត្រីជំនាញឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ ជនជាតិ​ចិន​(​តៃវ៉ាន់​)​ រួម​មានទី១ឈ្មោះ​ ទៀង ចាន់ហ្វូ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​(​មេការ​)​ទី២ឈ្មោះ​ ឃួ ភូវែន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ ​ទី៣​ឈ្មោះ ​តាំង គូជីង ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ និងទី៤ ឈ្មោះ​ លីន យីឆេង ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ អ្នកទាំងបីនាក់ជា​អ្នកបច្ចេកទេស​។​

ចំណែក​វត្ថុ​តាងដែលចាប់​យករួមមាន​​ ម៉ាស៊ីន​ ឧបករណ៍​ សម្ភារ​សម្រាប់​កែ​ច្នៃ​ ផលិត​ វេច​ខ្ចប់​មួយ​ចំនួន​ធំ​។ សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន​ ទម្ងន់​៤១ kg​ ៥១.៧g​ -​ល្បាយ​សារធាតុ​ញៀន​កេ​តា​មីន​ ទម្ងន់​១៤២៥ kg​ -​ថ្នាំ​គ្រាប់​នី​មេតា​ហ្សេ​ប៉ា​ម​ ទម្ងន់​ 0.៩g​ -​សារធាតុ​គីមី​ផ្សំ​ ១១តោន​នឹង ៥២៥kg​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ ព្រមទាំង​វត្ថុ​តាង​ខាងលើ​ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕