បើទោះជាពេលនេះ មិនទាន់មានករណីសង្ស័យ ឬករណីវិជ្ជមានជំងឺអុតស្វា នៅក្នុងប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយត្រូវបន្តអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួនដែលក្រសួងសុខាភិបាលតែងតែបានណែនាំ។
សូមបញ្ជាក់ថា ការផ្ទុះឡើងនូវជំងឺអុតស្វា បានកើតឡើងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅចក្រភពអង់គ្លេស ដោយផ្តើមទៅលើអ្នកដំណើរអង់គ្លេសម្នាក់ ដែលបានធ្វើដំណើរទៅប្រទេសនីហ្សេរីយ៉ា ដែលមានកន្លែងជំងឺនេះបានកើតមាន ហើយរោគសញ្ញាជំងឺអុតស្វា បានកើតឡើងគាត់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។
បុរសរូបនោះបានវិលត្រឡប់មកចក្រភពអង់គ្លេសវិញនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ហើយបានធ្វើតេស្តវិជ្ជមានវីរុសអុតស្វាយនេះ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២។ នៅពាក់កណ្តាលខែឧសភា អ្នកជំនាញតាមដាន បានសង្កេតឃើញថា មានការឆ្លងនៅក្នុងសហគមន៍ នៃចក្រភពអង់គ្លេស ដោយដឹងប្រភពច្បាស់លាស់ នៃករណីខ្លះនៃជំងឺអុតស្វានេះ។
បើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ជំងឺអុតស្វា គឺជាជំងឺដែលឆ្លងដោយវីរុសនៅតំបន់ត្រូពិចដែលមានភ្លៀង នៃអាហ្រ្វិកកណ្តាល និងអាហ្រ្វិកខាងលិច ជួនកាលមានបញ្ជូនការចម្លងជំងឺនេះ ទៅកាន់តំបន់ផ្សេងៗទៀតផងដែរ។ ជំងឺនេះមានស្ថានភាពវិវត្តន៍យ៉ាងលឿន ហើយករណីជាច្រើនទៀតទំនងជាត្រូវបានរាយការណ៍ថា មានការកើនឡើង ដោយមកទល់នឹងពេលនេះ មាន ២ករណីត្រូវបានរកឃើញនៅក្នុងបណ្តាប្រទេសប៉ាស៊ីហ្វិកខាងលិច និងក្នុងប្រទេសអូស្រ្តាលី។ នៅលើសាកលលោក មិនទាន់មានការរាយការណ៍អំពីករណីស្លាប់នៅឡើយទេ។
ជំងឺអុតស្វា អាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ តាមរយៈការប៉ះពាល់រាងកាយផ្ទាល់ ឬមានភាពប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញា រួមទាំងទំនាក់ទំនងផ្លូវភេទផងដែរ។ សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារៈដូចជា សម្ភារៈបរិភោគអាហារ ចានក្បាន ដែលមានជាប់វីរុសបណ្តាលមកពីអ្នកកើតជំងឺអុតស្វាបានប្រើប្រាស់ ឡូកឡំជាមួយគ្នា អាចឆ្លងទៅអ្នកដទៃបាន។
ដំបៅខាងក្រៅ ឬដំបៅក្នុងមាត់ ក៏អាចឆ្លងដែរ ដោយមានន័យថា វីរុសនេះ អាចឆ្លងតាមរយៈទឹកមាត់។ វីរុសនេះ ក៏អាចឆ្លងពីអ្នកមានផ្ទៃពោះ ទៅទារកតាមរយៈទងសុក ឬពីឪពុកម្តាយដែលមានវីរុសឆ្លងទៅកូន អំឡុងពេល ឬក្រោយពេលឆ្លងទន្លេ តាមរយៈការប៉ះនឹងស្បែក៕