សង្គម

មេប៉ុស្តិ៍​ឃុំ​លាយបូរ កំពុង​បង្កើតស្នាដៃតាមរយៈ​ បណ្តោយ​ឱ្យ​មានទីតាំងល្បែង​ស៊ីសងជិត៣០ទីតាំង ប្រឆាំងនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព

មេប៉ុស្តិ៍នគរបាល​ឃុំ​លាយបូរ នៃស្រុកត្រាំងកក់ ពេល​នេះ​កំពុង​តែ​មានកេរ្តិ៍​ឈ្មោះ​ល្បីល្បាញ ក្នុង​ការ​បណ្តោយ​ឱ្យ​មានទីតាំង​ល្បែង​ស៊ីសង​រហូត​ដល់ទៅ​ជិត​៣០កន្លែង ដែល​ផ្ទុយ​ទៅ​នឹង​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់រាជរដ្ឋាភិបាល។

បើតាម​សេចក្តីរាយការណ៍ ទីតាំងល្បែង​ទាំងជិត​៣០ទីតាំងនោះ គឺជា​ប្រភេទ​ល្បែង​ឡូតូអនឡាញ និង​ជល់មាន់អនឡាញ ដោយ​គេ​បានដាក់ពង្រាយ​នៅ​តាម​ហាងកាហ្វេ​នៅ​ទូទាំង​ឃុំ​លាយបូរ ក្រោម​ការ​ឃុបឃិត​របស់​អាជ្ញាធរ និង​ថៅកែលាក់មុខមួយក្រុម។

ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​មូលដ្ឋាន និយាយថា ល្បែង​ឡូតូអនឡាញ និង​ជល់មាន់ ត្រូវ​គេ​ដាក់បញ្ចាំង​ដោយ​ផ្សាយបន្ត​ផ្ទាល់​ព្រោងព្រាត តែពួកគាត់​​ពុំ​ឃើញ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចុះ​ធ្វើ​ការហាមឃាត់ ឬក៏បង្រ្កាបនោះ ទៅ​តាមគោល​នយោបាយភូមិឃុំ​មាន​សុវត្ថិភាព ដែលដាក់ចេញដោយ​រាជរដ្ឋាភិបាលនោះទេ ខណៈ​ទីតាំងល្បែង​ខ្លះទៀត នៅ​ជាប់​នឹង​របងប៉ុស្តិ៍​ថែមទៀតផង។

ជុំវិញករណីនេះ យើ​ង​មិន​អាច​សុំ​ការ​បកស្រាយ​ពី លោក ស៊ិន ជី នាយប៉ុស្តិ៍រដ្ឋបាលឃុំលាយបូរ បានទេនៅថ្ងៃនេះ ដោយ​ទូរស័ព្ទ​ចូល ហើយ​និយាយពីរឿងនេះ លោក​ថា ច្រឡំលេខ។

ដោយ​ឡែក​លោក ឌុក ធីយ៉ា អធិការស្រុកត្រាំកក់ បានថ្លែងថា លោកខ្វះខាតកម្លាំង​ក្នុងការ​ចុះបង្រ្កាប​បទល្មើស​នេះ៕