កាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃពុធ មានបុរសម្នាក់ បានឡើងទៅកាប់ត្រង់ស្វូអគ្គិសនី បណ្តាលឱ្យរងរបួសធ្លាយពោះ ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍ដែលបានបង្កឱ្យមានការភ្ញាក់ផ្ញើលពលរដ្ឋចោមរោមនេះ ស្ថិតនៅក្បែរការ៉ាសសាំងមួយកន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ បានឲ្យដឹងថា បុរសបែកថ្នាំនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយ ហើយអាជ្ញាធរមិនទាន់អាចបញ្ជាក់អត្តសញ្ញាណបុរសបែកថ្នាំខាងលើបាននៅឡើយទេ។
ដោយឡែក អ្នកឃើញហេតុការណ៍ម្នាក់បាននិយាយថា ជនរងគ្រោះ គឺជាអ្នកញៀនគ្រឿងញៀនដល់ថ្នាក់វង្វេងវង្វាន់ស្មារតី ឬភាសាសាមញ្ញ ហៅថា បែកថ្នាំ។ ដំបូងឡើយ រូបគេយកកាំបិតផ្គាគ់ទៅអារខ្សែភ្លើង ប៉ុន្តែអារមិនដាច់ ក៏ឡើងទៅកាប់ត្រង់ស្វូអគ្គិសនី ហើយក៏របូតផ្លែកាំបិតចុះក្រោម នៅសល់តែដងកាំបិត ធ្វើឱ្យរូបគេខឹងខ្លាំង ក៏ឡើងជាន់ត្រង់ស្វូរបណ្តាលឲ្យផ្ទុះដូចគ្រាប់បែក ធ្លាក់មកក្រោម របួសធ្ងន់ធ្លាយពោះ តែនៅមានជីវិតនៅឡើយ។
ក្នុងពេលកើតហេតុ ពលរដ្ឋនៅក្បែរកន្លែងកើតហេតុ រួមទាំងអ្នកដំណើររាប់សិននាក់ ដែលបានឃើញហេតុការណ៍នេះ បាននាំគ្នា ស្រែកឱ្យចុះផង យកដុំថ្មគប់ផង ឲ្យបុរសបែកថ្នាំនេះចុះក្រោមវិញ ប៉ុន្តែបុរសបែកថ្នាំរូបនេះ មិនព្រមចុះនោះទេ រហូតទាល់តែធ្លាក់មកក្រោម បន្ទាប់ពីផ្ទុះបែកផ្កាភ្លើងត្រង់ស្វូអគ្គសនី៕