សង្គម

ចាប់ខ្លួន​មនុស្ស​៣នាក់ ករណីលក់អាវក្រុមជម្រើសជាតិបាល់ទាត់ក្លែងក្លាយ

(បន្ទាយមានជ័យ) ៖ ជនសង្ស័យ០៣នាក់ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​​ចាប់ខ្លួន និង​បញ្ជូន​ទៅ​កាន់តុលាការ​កាលពី​រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០២២ ពាក់ព័ន្ធករណីក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាម របស់ក្រុមជម្រើសជាតិបាល់ទាត់។

លោក￸ កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបរាប់ថា នៅពេលថ្មីៗនេះ￸សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានអង្គេតឃើញថាមានជនខិលខូចមួយចំនួនតូច និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ￸ តាម៉ាប់លក់អាវកីឡា(ឈ្មោះ￸ សុខ ចាន់ថន SOK CHANTHORN) និងម្ចាស់ហ្វេសប៊ុកឈ្មោះ￸ POR POE LOVE,POR TRY SPORT ដែលមានយីហោលក់ឈុតកីឡាគ្រប់ប្រភេទ បានបង្ហោះ￸លក់តាមផេក ហ្វេសប៊ុក និងដាក់លក់ខោអាវក្រុមជម្រើសជាតិកម្ពុជាលើទីផ្សារដោយពុំមានច្បាប់អនុញ្ញាត ជាពិសេសមិនមែនជាផលិតផលផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាមួយក្រុមហ៊ុន VARAMAN(វរ្ម័ន)នោះ￸ទេ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង លោកបានចាត់តាំងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំកម្លាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកដោយលោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរងស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើប្រតិបត្តិការបង្ក្រាបករណីលក់ដូរសម្លៀកបំពាក់កីឡារបស់ក្រុមហ៊ុនជម្រើសជាតិបាល់ទាត់កម្ពុជា ជាឡូហ្គោក្លែងក្លាយ ស្លាកសញ្ញា FFC នៅចំណុចមុខសណ្ឋាគារសុងតារា ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។

សមត្ថកិច្ច បានដកហូតសម្លៀកបំពាក់កីឡាជម្រើសជាតិកម្ពុជាដែលមានឡូហ្គោ FFC ជាផលិតផលក្លែងក្លាយ ចំនួន២៤៩កំប្លេ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី៕