បើយោងតាមសេចក្តីរាយការណ៍ ក្នុងមួយថ្ងៃៗសត្វជ្រូករស់យ៉ាងតិច៥០០ក្បាល ត្រូវបានឈ្មួញលួចនាំចូលពីប្រទេសវៀតណាម មកកាន់កម្ពុជា តាមរយៈច្រករបៀបស្វាយអាង៉ោង ស្ថិតក្នុងភូមិសាស្រ្តស្រុកកំពង់ត្របែក នៃខេត្តព្រៃវែង។
សេចក្តីរាយការណ៍ដដែលថា សត្វជ្រូកទាំងនោះត្រូវគេដឹកតាមរយៈម៉ូតូឆ្លងកាត់តាមច្រករបៀង នៃប៉ុស្ត៍ច្រកទ្វាព្រំដែនស្វាយអាង៉ោង កាតមុខវរៈការពារព្រំដែន យកទៅទម្លាក់នៅផ្ទះ កន្លែងស្តុកជ្រូកដ៏ធំមួយ របស់ឈ្មោះ វឿន ស្ថិតនៅក្នុងភូមិការធំ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រួចសាងលើរថយន្តសាំយ៉ុងនិងរថយន្តម៉ាក្សហីយិនដាយ កូរ៉េចំណុះ២តោន បិតឃ្លុំជិត រួចបើកឡើងតាមផ្លូវកៅស៊ូឆ្ពោះទៅផ្សារកអណ្តើកនិងឡើងលើផ្លូវជាតិលេខ១ បត់យកឱ្យទៅក្រុមហ៊ុនធំមួយដឹកបន្តទៅរាជធានីភ្នំពេញ។
លោក ចិន វិសាល ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តព្រៃវែង បានថ្លែងថា កន្លងមកមានក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណនាំជ្រូករស់ពីប្រទេសវៀតណាមចូលមកកម្ពុជា ដោយច្បាប់សុំនាំជ្រូកមេពូជ មកផ្គត់ផ្គង់ដល់កសិករចិញ្ចឹម ក្នុង១ថ្ងៃ៥០ក្បាល ក៏ប៉ុន្តែឈ្មួញបន្លំដឹកជ្រូកសាច់ ចូលមកជាច្រេីនក្បាល ហើយមន្ត្រីពេទ្យសត្វក៏បានចុះល្បាតទប់ស្កាត់ និងបង្ក្រាបដែរ ដោយមានបទបញ្ជាពីឯកឧត្តមអភិបាល នៃគណ:អភិបាលខេត្ត ឲ្យមន្រ្តីជំនាញសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ចុះទប់ស្កាត់និងបង្ក្រាប មិនអនុញ្ញាតិឲ្យនាំជ្រូករស់ឬសាច់ជ្រូកពីប្រទេសជិតខាងចូលទៀតទេ ។ ហើយបើមានបទល្មើស នៃការនាំជ្រូកឆ្លងដែនដោយខុសច្បាប់ គឺសមត្ថកិច្ចពាក់ព័ន្ធនឹងបង្ក្រាបហើយ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតែមានការព្រួយបារម្ភចំពោះការលួចនាំចូលសត្វជ្រូករស់ពីប្រទេសវៀតណាម ក្រោមការឃុបឃិតណាមួយពីអាជ្ញាធរពាក់ព័ន្ធ ហើយរំពឹងថា អាជ្ញាធរនឹងគិតគូរពីសុវត្ថិភាពសុខភាពប្រជាពលរដ្ឋ ជាជាងគិតពីផលប្រយោជន៍បុគ្គល៕