ថៃ៖ កាលពីថ្ងៃទី១៣ ខែមីនា កន្លងទៅ តារាសម្តែងនិងជាពិធីករទូរទស្សន៍លោក Matthew បានប្រកាសលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកអំពីដំណឹងអកុសលមួយ គឺលោកមានផ្ទុកវីរុស Covid-19 ដោយបាននិយាយថា៖ មិនមែនជារឿងលេងសើចទេ អ្នកណាដែលធ្លាប់ប៉ះខ្ញុំ កាលពី ៣ ឬ៤ថ្ងៃមុន ដែលមានរោគសញ្ញា Covid-19 ត្រូវតែទៅពិនិត្យសុខភាព។ នេះមិនមែនជារឿងលេង សើចទេ ក៏ដូចជាអ្នកណាដែលបានទំនាក់ទំនងជិតស្និទជាមួយខ្ញុំកាលពី២-៣ថ្ងៃមុន សូមធ្វើការប្រុងប្រយ័ត្ន ខ្ញុំមានផ្ទុកវីរុស Covid-19″។
ប៉ុន្មានថ្ងៃក្រោមមក នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ភរិយារបស់លោក អ្នកនាង Lydia ក៏បានបង្ហោះសារលើ IG មួយថា គាត់ក៏មានផ្ទុកវីរុស Covid-១៩ នេះផងដែរ ដោយឆ្លងពីស្វាមីខ្លួន។
ថ្មីៗនេះ នៅថ្ងៃទី១៩ ខែមីនាកន្លងទៅ Lydia បានបង្ហោះសារមួយដើម្បីផ្ញើជូនអ្នកគាំទ្ររបស់ខ្លួន ខណៈដែលខ្លួនកំពុងតែសម្រាកព្យាបាលវីរុស Covid-19 នេះនៅក្នុងមន្ទីរពេទ្យ។ Lydia បានបង្ហោះសារមួយនេះក្នុងគណនី IG ផ្លូវការរបស់ខ្លួន ដែលមានខ្លឹមសារថា៖
សូមអរគុណ! ចំពោះការស្រលាញ់ និងគាំទ្ររបស់អ្នកទាំងអស់គ្នាមកលើខ្ញុំ។ រឿងសំខាន់ដែលត្រូវធ្វើគឺត្រូវតែមានភាពស្ងប់ស្ងាត់ក្នុងចិត្ត។ បេះដូង និងកម្លាំងចិត្តរបស់ខ្ញុំត្រូវតែរឹងមាំ។ ខ្ញុំបានទទួលរងផ្លូវអារម្មណ៍ជាច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ រាងកាយរបស់ខ្ញុំមិនមានការឈឺចាប់អ្វីទេ ខ្ញុំគ្រាន់តែថប់ដង្ហើមនៅពេលដែលខ្ញុំមានអារម្មណ៍ស្ត្រេស និង មានកង្វល់ តន្រ្តីបានជួយផ្លូវអារម្មណ៍ខ្ញុំច្រើន។ សូមផ្ញើក្តីស្រលាញ់ និងការគាំទ្រទៅកាន់អ្នកទាំងអស់គ្នាដែលកំពុងតានតឹងនឹងសង្គ្រាមនេះ យើងនឹងឆ្លងផុតដំណាក់កាលនេះបានទាំងអស់គ្នា។