គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែឧសភា គឺមានរយៈពេល៥ថ្ងៃហើយដែលកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ-១៩ និងជំងឺបំប្លែងថ្មីអូមីក្រុងឡើយ។ តែយ៉ាងណា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលបានអំពាវនាវដល់ពលរដ្ឋត្រូវបន្តការការពារខ្លួន និងចូលរួមអនុវត្តវិធានការសុខាភិបាល៣កុំ និង៣ការពារឲ្យបានខ្ជាប់ខ្ជួន។
«នៅលើសកលលោកជំងឺកូវីដ-១៩ នៅមាននៅឡើយទេ យើងមិនបាច់មើលអីឆ្ងាយទេ គឺប្រទេសជិតខាងរបស់យើងក៏មានការរាយការណ៍អំពីករណីឆ្លង និងករណីស្លាប់ជារឿយៗជារៀងរាល់ថ្ងៃ។ ថ្វីដ្បិតកន្លែងនេះ គឺមានការថមថយ តែវីរុសនេះគឺនៅតែចរាចរនៅឡើយទេ»
ខណៈពេលដែលកម្ពុជាជិតដល់រដូវវស្សាលោកជំទាវ ឱ វណ្ណឌីន បានប្រាប់ដល់ពលរដ្ឋមិនត្រឹមតែប្រុងប្រយ័ត្នចំពោះហានិភ័យផ្សេងៗក្នុងអំឡុងកម្ពុជាធ្លាក់ភ្លៀងប៉ុណ្ណោះទេ តែពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្នចំពោះការរាតត្បាតជំងឺផ្សេងៗដូចជា គ្រុនឈីក និងគ្រុនឈាមជាដើម ជាពិសេសជំងឺរាតត្បាតសកលជំងឺកូវីដ-១៩ផងដែរ។
រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលបានអំពាវនាវជាដដែលៗដល់ពលរដ្ឋគឺត្រូវតែនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់ដូស ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍បន្ថែមទៀត ខណៈដែលកម្ពុជានៅសល់វ៉ាក់សាំងក្នុងឃ្លាំងចំនួនជាង១២លានដូសទៀត។
បច្ចុប្បន្នកម្ពុជានៅសល់អ្នកជំងឺកូវីដ-១៩ និងជំងឺកូវីដ-១៩អូមីក្រុងចំនួន២២នាក់ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាល។ នៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១៣៦,២៦២នាក់ អ្នកស្លាប់មានចំនួន៣,០៥៦នាក់ ក្នុងនោះមានអ្នកឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុងចំនួន២១,២១៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន១៣៣,១៨៤នាក់៕