ក្រោយពីច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបើកដំណើរការឡើងវិញកាលពីថ្ងៃទី១ ខែឧសភា ពេលនេះប្រជាពលរដ្ឋ ពិសេសក្រុមអាជីវករដែលលក់ដូរនៅផ្សាររុងគ្លឿ បាននាំគ្នាមកធ្វើប័ណ្ណព្រំដេន តាមលក្ខខណ្ឌតម្រូវដែលព្រមព្រៀងដោយអាជ្ញាធរកម្ពុជា និងថៃ ។
បើតាមប្រជាពលរដ្ឋថា ក្រោយពីច្រកព្រំដែនបានបើកឡើងវិញ ការឆ្លងព្រំដែនរបស់ពួកគាត់ត្រូវអាជ្ញាធរថៃតម្រូវឲ្យមានប័ណ្ណព្រំដែន និងលិខិតឆ្លងដែន ហើយការស្នាក់នៅក្នុងប្រទេសថៃត្រូវបានកាត់បន្ថយពាក់កណ្តាល ដោយរួមទាំងតម្រូវឲ្យបង់ថ្លៃធានារ៉ាប់រងថែមទៀត។ ពួកគាត់ថា កាលពីមុន ពួកគាត់អាចចេញចូលប្រទេសថៃក្នុងរយៈពេលមួយថ្ងៃដោយប្រើប័ណ្ណព្រំដែន និងអាចស្នាក់នៅក្នុងប្រទេសថៃរយៈពេល១ខែ ដោយប្រើលិខិតឆ្លងដែន ហើយមិនបាច់ចំណាយទៅលើថ្លៃធានារ៉ាប់រង តែពេលនេះគឺខុសគ្នា។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដើម្បីសម្រួលដល់ពេលវេលា នៃការស្នើសុំធ្វើបណ្ណព្រំដែន ដែលកាលពីមុនតម្រូវឲ្យប្រជាពលរដ្ឋទៅធ្វើប័ណ្ណនោះនៅទីរួមខេត្តបន្ទាយមានជ័យ ពេលនេះ អភិបាលខេត្តបានចាត់បញ្ជូនមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ចំនួន ០៣រូប មកប្រចាំការ ដើម្បីសម្របសម្រួលបំពេញនីតិវិធី ទទួលពាក្យស្នើសុំធ្វើបណ្ណព្រំដែនរបស់ប្រជាពលរដ្ឋ នៅការិយាល័យច្រកចេញចូលតែមួយក្រុងប៉ោយប៉ែត ស្ថិតក្នុងបរិវេណសាលាក្រុងប៉ោយប៉ែត៕