លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និង លោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន នៅថ្ងៃទី៦ ឧសភានេះ បានផ្តើមកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌អាស៊ានសម្រាប់មីយ៉ាន់ម៉ា។
កិច្ចប្រជុំពិគ្រោះយោបល់នេះ ផ្តល់ជាវេទិកាកម្រិតខ្ពស់មួយសម្រាប់អាស៊ានធ្វើការពិភាក្សាផ្តួចផ្តើមឱ្យមានកិច្ចសន្ទនាមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីផ្តល់នូវមគ្គុទេ្ទសក៍អំពីរបៀបក្នុងការជំរុញជំនួយមនុស្សធម៌របស់អាស៊ានឱ្យទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការបំផុត ដោយឈរលើគោលការណ៍មនុស្សធម៌ និងគ្មានការរើសអើង។
កិច្ចប្រជុំពិគ្រោះ យោបល់ នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដែលមានការព្រមព្រៀងគ្នាទៅវិញទៅមកលើវិធីសាស្រ្ត ក្នុងការពង្រឹងបន្ថែមនូវការ ផ្តល់ជំនួយមនុស្សធម៌ នៅមីយ៉ាន់ម៉ា ដើម្បីធានាបានថានឹងពុំមាននរណាម្នាក់ត្រូវបានទុកចោលនោះទេ, ដំណោះស្រាយ ចំពោះបញ្ហាប្រឈម នានា ដែលពាក់ព័ន្ធប្រតិបត្តិការរបស់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre), និងវិធីសាស្រ្តនានាដែលជួយគាំទ្រទៅដល់ការផ្តល់ វ៉ាក់សាំងជំងឺកូវីដ-១៩ ទៅដល់សហគមន៍នានានៅមីយ៉ាន់ម៉ា៕