បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅកំឡុងសប្តាហ៍នេះ ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពល នៃជ្រលងសម្ពាធទាប (ឥណ្ឌា) ដែលស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្ត និងរាជធានី ស្ទើរទូទាំងប្រទេសមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ក្នុងនោះ សម្រាប់តំបន់ទំនាបកណ្តាល អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ហើយទន្ទឹមនោះ កន្លែងខ្លះក៏អាចមានភ្លៀងខ្លាំង។
សម្រាប់តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ដោយឡែកតំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់៕