ច្រកព្រំដែន កម្ពុជា-ថៃ ចាប់ផ្ដើមបើកដំណើរការឡើងវិញហើយ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ តទៅ ក្រោយពីិវត្តិ នៃជំងឺកូវីដ១៩បានធូរស្រាល។ យ៉ាងណាដ៏ដោយ ការឆ្លងកាត់ព្រំដែននៅពេលនេះ ក៏មានភ្ជាប់នូវលក្ខខណ្ឌមួយចំនួនផងដែរ។
បើតាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ អ្នកដំណើរ ដែលត្រូវធ្វើដំណើរ ពីកម្ពុជា ទៅកាន់ប្រទេសថៃ តាមផ្លូវអាកាស និងផ្លូវគោក ត្រូវបានបែងចែកជា ៣ ប្រភេទ ហើយក៏ត្រូវអនុវត្ត តាមល័ក្ខខ័ណ្ឌផ្សេងគ្នា ផងដែរ ក្នុងនោះ ៖
ប្រភេទទី១. អ្នកដំណើរដែលបានចាក់វ៉ាក់សាំង ពេញលេញ (Vaccinated Travelers):
១. ចុះឈ្មោះ Thailand Pass មុនពេលធ្វើដំណើរ (មានលីងតំណភ្ជាប់៖ tp.consular.go.th) ខណៈការត្រួតពិនិត្យ និងសម្រេចផ្ដល់ Thailand Pass នេះ គឺប្រើពេលមិនលើសពី ៤៨ ម៉ោងឡើយ។
២. មានធានារ៉ាប់រងព្យាបាលជំងឺកូវីដ១៩ ដែលមានទឹកប្រាក់សរុបធានា ១០.០០០ ដុល្លារអាម៉េរិក។
៣. មិនតម្រូវឱ្យធ្វើតេស្ត RT-PCR ទាំងមុន និងចូលមកដល់ប្រទេសថៃ។
៤. ត្រូវធ្វើតេស្តរហ័ស (ATK) ដោយខ្លួនឯង អំឡុងពេលស្នាក់នៅ ក្នុងប្រទេសថៃ។
ប្រភេទទី២. អ្នកដំណើរដែលមិនចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំង មិនពេញលេញ (Unvaccinated Travelers):
១. ចុះឈ្មោះ Thailand Pass មុនពេលធ្វើដំណើរ (មានលីងតំណភ្ជាប់៖ tp.consular.go.th) ខណៈការត្រួតពិនិត្យ និងសម្ដេចផ្ដល់ Thailand Pass នេះ គឺប្រើពេលមិនលើសពី៤៨ម៉ោងឡើយ។
២. មានធានារ៉ាប់រងព្យាបាលជំងឺកូវីដ១៩ ដែលមានទឹកប្រាក់សរុបធានា ១០.០០០ ដុល្លារអាម៉េរិក។
៣. ករណី៖
a. មានលទ្ធផលតេស្ត RT-PCR អវិជ្ជមាន មុនពេលធ្វើដំណើរ មិនលើសពី ៧២ ម៉ោង អាចធ្វើដំណើរចូល ក្នុងប្រទេសថៃ ដូចអ្នកដែលបានចាក់វ៉ាក់សាំង ពេញលេញដែរ។
b. ពុំមានលទ្ធផលតេស្ត RT-PCR អវិជ្ជមាន មុនពេលធ្វើដំណើរ មិនលើសពី ៧២ ម៉ោងទេនោះ គឺតម្រូវឱ្យធ្វើចត្តាឡីស័ក ចំនួន ៥ ថ្ងៃ ដោយធ្វើតេស្ត RT-PCR នៅថ្ងៃទី៤ ឬទី៥ ។
៤. ត្រូវធ្វើតេស្តរហ័ស (ATK) ដោយខ្លួនឯង អំឡុងពេលស្នាក់នៅ ក្នុងប្រទេសថៃ។
ប្រភេទទី៣. អ្នកដំណើរដែលជាប្រជាជន ក្នុងខេត្ត ជាប់ព្រំដែន ហើយកាន់ប័ណ្ណព្រំដែន (Border Pass):
១. មិនតម្រូវឱ្យចុះឈ្មោះ Thailand Pass ទេ ។
២. មិនតម្រូវឱ្យមានធានារ៉ាប់រងទេ ។
៣. ត្រូវជាអ្នកដែលបានចាក់វ៉ាក់សាំង ពេញលេញតែប៉ុណ្ណោះ។
៤. ការធ្វើដំណើរ ត្រូវបានអនុញ្ញាត តែក្នុងតំបន់ ដែលមានចែង ដោយកិច្ចព្រមព្រៀងរ វាងកម្ពុជា-ថៃប៉ុណ្ណោះ។
៥. អាចស្នាក់នៅក្នុងប្រទេសថៃ មិនត្រូវលើសពី ៣ ថ្ងៃ (២យប់) ឡើយ។
សូមជម្រាបថា ខេត្តរបស់ថៃ ជាប់ច្រកព្រំដែនអន្តរជាតិ ជាមួយកម្ពុជា ដែលអាចធ្វើដំណើរ ចូលបាន រួមមាន ខេត្តស្រះកែវ ខេត្តសុរិន្ទ ខេត្តត្រាត និងខេត្តចន្ទបុរី៕