សង្គម

សង្ស័យអ្នកវិនិយោគផ្សារណាត់ខេត្តតាកែវ​អត់លុយ​សង់ផ្សារ​បន្ត ទើប​វាស់ផ្លូវជុំវិញផ្សារជួលឱ្យអ្នកលក់កញ្ជើរល្អី

ក្រុមអាជីវករ​ដែលបាន​ចំណាយ​លុយ​ទិញ​តូប​ផ្សារណាត់ខេត្តតាកែវ ដែលត្រូវបានវិនិយោគសាងសង់​ដោយ​ក្រុមហ៊ុន​មួយរបស់លោក ឡោ ជំនិត កំពុងសម្តែង​ការ​មិនពេញចិត្ត ក្រោយ​ពីក្រុមហ៊ុន​មួយ​នេះ​មិន​បានធ្វើតាម​កិច្ច​សន្យា ដែលនឹងអនុញ្ញាតឱ្យ​ពួកគាត់បានចូល​ទៅ​លក់ដូរ​នៅ​ក្នុងផ្សារណាត់ផ្នែកខាងក្រោម ដោយ​គេបានព្យាករណ៍​ថា នឹងសាងសង់រួចនៅ​កំឡុងខែមេសា ឆ្នាំ​២០២២នេះ។

ការសាងសង់មិនទាន់តាមកិច្ចសន្យានេះ គេមិនដឹងថា បណ្តាល​មក​ពីមូលហេតុអ្វីនោះទេ តែបើតាម​ប្រភពខ្លះនិយាយថា ប្រហែលជា​ក្រុមហ៊ុន​នោះអស់លុយ ទើបបានមួយ​រយៈនេះ ពួកគេ​មក​វាស់ផ្លូវ​ដែលនៅ​ជុំវិញផ្សារ​ជួល​ឱ្យ​អាជីវករ​ជាអ្នក​លក់តូចតាច ក្នុង​១ម៉ែត្រកន្លះ​ចំនួន ១៥០ដុល្លារ។

បើតាម​អាជីវករ ក៏​ដូចជាប្រជាពលរដ្ឋដែលលក់ដូរបន្តិចបន្តួច និង​ខ្លះ​ទៀត​តាមកញ្ច្រែងល្អី​នៅតាមផ្លូវជុំវិញផ្សារណាត់នេះ បាន​សម្តែងការមិនពេញចិត្ត ហើយថា ទង្វើនេះគឺមិនសមហេតុផល ព្រោះថា ផ្លូវ​នៅជុំវិញផ្សារនោះ មិន​មែនជាដីត្រូវនិយោគនោះ​ឡើយ ហេតុអ្វីបានជាអ្នក​វិនិយោគផ្សារណាត់​មក​វាស់ដីផ្លូវដែលជារបស់រដ្ឋនេះ យកលុយពីអាជីវករ​ទៅវិញ។

បើយោងតាមកំណត់ហេតុ និង​លិខិតរបស់ក្រសួងពាណិជ្ជកម្មបាន​បញ្ជាក់យ៉ាងច្បាស់ថា ក្រសួងពាណិជ្ជកម្ម​បានសម្រេច​ជួល​ទីតាំងអាគារផ្សារណាត់ របស់មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ដែលមានទំហំ ១៥៨៧ម៉ែត្រក្រឡា ស្ថិត​នៅ​ភូមិ​១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ជូនទៅលោកស្រី ប្រាក់ ចាន់រដ្ឋា ដើម្បីធ្វើការវិនិយោគសាងសង់ជាផ្សារ​រយៈពេល​១៥ឆ្នាំ និង​អនុគ្រោះបន្ថែមរយៈពេល១ឆ្នាំ សម្រាប់​ការសាងសង់ ដូចនេះ រយៈពេល​ជួល​សរុប គឺ១៦ឆ្នាំ។

តាមរយៈលិខិតនេះបានបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងបានជួល និងអនុញ្ញាតឱ្យវិនិយោគ​ត្រឹមដីទីតាំងអគារផ្សារណាត់ តែហេតុអ្វីបានជាអ្នកវិនិយោគមកវាស់ដីផ្លូវ​យកលុយពីអ្នកដូរថែមទៀត ហើយ​ម្យ៉ាង​បើយោងតាមកំណត់ហេតុដដែល ការទារថ្លៃភាស៊ី ឬក៏ថ្លៃជួលតូប គឺគេគិតនៅពេលផ្សារសាងសង់រួច តែហេតុអ្វី​ផ្សារកំពុងសាងសង់មិនទាន់រួចផង អ្នកវិនិយោគបែរជា​មក​យកលុយពីអ្នកលក់ដូរ?

យ៉ាងណាក៏ដោយ លោក ឡោ ជំនិត តំណាងអ្នកវិនិយោគផ្សារណាត់ តាមរយៈ​សារព័ត៌មាន​ក្នុងស្រុកមួយ បានលើក​ឡើងថា តាមពិត​ទៅ​ក្រុមអាជីវករដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ និងរូបលោក ក្នុងនាមអ្នកវិនិយោគបានសហការគ្នារៀបចំកន្លែងលក់ដូរឱ្យបានល្អត្រឹមត្រូវប្រកបដោយបរិស្ថានអនាម័យស្អាតល្អ និងមានសណ្តាប់ធ្នាប់របៀបរៀបរយ ពោលគឺមិនរញ៉ែរញ៉ៃឬកកស្ទះចរាចរណ៍ ហើយពួកគាត់មិនលក់ផ្ទាល់ដីតាមចិញ្ចើមដូចមុននោះឡើយ ដោយ​លោក​រៀបចំធ្វើគ្រែចល័ត និង​កៅអីអង្គុយសមរម្យ ។

លោកថា ការយកប្រាក់នោះ គឺជាប្រាក់បដិភាគ ហើយបង់ដោយស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំឡើយ៕