បុរសម្នាក់ដែលគេស្គាល់ច្បាស់ថាជានាយរងការិយាល័យ នគរបាល ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ ចេញ ពីផឹកស៊ី វិញស្រវឹងទោរទន់ បានបេីករថយន្តមួយគ្រឿង រេចង្កូត ជ្រុលទៅបុក របងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ នៅចំណុចរបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ផ្លូវ១៨៣ កែងផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង២២ និង៤០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២ ។
នៅក្នុងហេតុការណ៍ខាងលើនេះដែរ គេសង្កេតឃើញថា អ្នកបើកបរនៅតែបន្តជាន់ហ្គារថយន្ដបន្ថែមទៀត ដោយមិនព្រមពន្លត់ម៉ាស៊ីននោះទេ រហូតទាល់តែមានការផ្អើលពីសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ រួចនាំគ្នាគ្រាបុរសរូបនោះឡើងលើរថយន្តស៊ីរ៉ែន ហើយក៏បើកចេញពីកន្លែងកើតហេតុទៅបាត់តែម្ដង ។
ក្រោយពេលកើតហេតុ នៅសល់តែរថយន្ត ហើយក៏ត្រូវបានសមត្ថកិច្ចយករថយន្តមកស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាត់ទៅ ៕