សង្គម

ទីតាំងល្បែងអនឡាញមួយចំនួនធំនៅក្នុងក្រុងដូនកែវ ត្រូវអាជ្ញាធរទុកសម្រាប់ចិញ្ចឹមឆ្នាំងបាយ

(តាកែវ) ៖ ទីតាំងល្បែងអនឡាញបច្ចុប្បន្ននេះ ត្រូវ​គេមើលឃើញថា បានកើតមានស្ទើរ​តែ​គ្រប់ហាងកាហ្វេ​នៅ​ក្នុងក្រុងដូនកែវ​ ពិសេស​គឺនៅជុំវិញផ្សារធំខេត្តតាកែវ ដោយមានអ្នកលេង​ហ៊ោរកញ្ចៀវអឺងកង ប៉ុន្តែសម្លេងទាំងនោះ​មិន​បានប៉ះដល់ត្រចៀកអាជ្ញាធរ និង​សមត្ថកិច្ច​នោះ​ឡើយ។

បើតាមសេចក្តីរាយការណ៍ ល្បែងអនឡាញតាមទូរទស្សដ៏ពេញនិយមទាំងនោះ គេមានលេងដូចជា ល្បែងឡូតូ ខ្លាឃ្លោក និងជល់មាន់ជាដើម ។ ដោយ​បើតាម​ពិតទៅ ទីតាំងល្បែងទាំងនោះ ក៏​គេឃើញ​សមត្ថកិច្ច​ចុះបង្រ្កាបម្តងម្កាលដែរដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែ​នៅ​កន្លែងជាច្រើនទៀត​ត្រូវគេទុក​ ដែលបើតាមប្រភពខ្លះថា អាជ្ញាធរ ដែលរួមមានអភិបាលក្រុងដូនកែវ ក៏ដូចជាអធិការក្រុងដូនកែវ គេទុកគ្រាន់ចិញ្ចឹមឆ្នាំងបាយ។

គួរបញ្ជាក់ថា ដើម្បីធានាឱ្យ​ជនគ្រប់រូប និងសង្គមទាំងមូល​មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច​ដាចក់ចេញ​នូវ​គោល​នយោបាយ «ភូមិ-ឃុំ​-សង្កាត់មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះ​ក៏​រួមមាន គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និង​បទល្មើសគ្រប់ប្រភេទ។

ដូច្នេះប្រសិនបើ​អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​មូលដ្ឋាន មិនព្រមធ្វើការ​បង្រ្កាបល្បែងស៊ីសង​នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេនោះ គឺបាន​បង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋានទាំងនោះ ពុំបានអនុវត្តនូវ​គោល​នយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះទេ។

ជាមួយ​គ្នានេះដែរ បើយោងតាមច្បាប់ នៃការបង្ក្រាបល្បែងស៊ីសង ជំពូក៣ មាត្រា៤ បានចែងថា ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល(១០.០០០) ដល់ ប្រាំម៉ឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។

ដោយ​ឡែកបើតាម មាត្រា៥ បានកំណត់ផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា៕